ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូចចំនួន៥០នាក់ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្ត

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃអាទិត្យទី ២៧ ខែកុម្ភៈឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីបានប្រារព្ធទិវាជាតិសុខភាព មាតា ទារកនិងកុមារ ២១ កុម្ភៈ ២០២២ ក្រោមអធិបតីភាពលោកសាយ ម៉េងគីម  អភិបាលរងខេត្តមណ្ឌលគិរី និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ជា សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខា និងក្រុមប្រតិបត្តិសាខា ព្រមទាំងមានការចូលរួមពីស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច និងស្ត្រីក្នុងវ័យបន្តពូជចំនួន ៥០នាក់មកពីឃុំទាំង៥នៃស្រុកកោះញែក។ ពិធីនេះធ្វើឡើងនៅបរិវេណសាលាស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

លោក សាយ  ម៉េងគីម  អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ថង សាវុនអភិបាលខេត្តមណ្ឌលគិរី  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ជាពិសេសបងប្អូនស្ត្រីមានផ្ទៃពោះ ស្រ្តីមានកូនតូច និងស្ត្រីដែលងាយរងគ្រោះមានផ្ទៃពោះ។

លោកបានបន្តថា អំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូននាពេលនេះ ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនស្ត្រីបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំផងដែរ។ ទន្ទឹមនោះ លោកបានណែនាំឲ្យបងប្អូនស្ត្រីទាំងអស់ យកចិត្តទុកដាក់ថែទាំសុខភាពអោយបានល្អ ត្រូវការពិនិត្យផ្ទៃពោះយ៉ាងតិច៤ដង ការសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ, ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួមជាមួយការអនុវត្តវិធានការ «៣ការពារ ៣កុំ» , ការបំបៅកូនដោយទឹកដោះម្តាយក៏ដូចជាការយល់ដឹងពីមេរោគអេដស៍ និងទប់ស្កាត់ការចម្លងជំងឺផ្សេងៗទៀតពីម្តាយទៅកូន។

សូមបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច និងស្ត្រីក្នុងវ័យបន្តពូជដែលបានចូលរួមចំនួន៥០នាក់  សាខាបានចែកអំណោយដោយក្នុងម្នាក់ៗទទួលបានអង្ករ១០គីឡូក្រាម អំបិលអ៊ីយ៉ូដ១កញ្ចប់ ទឹកបរិសុទ្ធ១ដប ជែលលាងដៃ២ដប ក្រមា១ សាប៊ូលាងដៃ ២ដុំ ម៉ាស់៥ និងថវិកាចំនួន ២០,០០០រៀល ៕ ដោយ ៖ ផល្លិត ហៅបូរ៉ា