កូរ៉េខាងជើងចោទសហរដ្ឋអាមេរិកថា ជាមេខ្លោងបង្កអស្ថិរភាពនៅតំបន់ឧបទ្វីបកូរ៉េ

ព្យុងយ៉ាង ៖ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលបានចោទសហរដ្ឋអាមេរិកថា ជាមេខ្លោងបង្កអស្ថិរភាព នៅតំបន់ឧបទ្វីបកូរ៉េ។ នេះបើតាមការដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅព្រឹកថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១នេះ បានចេញផ្សាយពាក្យសម្តីរបស់ប្រមុខដឹកនាំកំពូល លោក គីម ជុងអ៊ុន ថ្លែងក្នុងឱកាសចូលរួម ពិព័រណ៍ស្តីពីវិស័យការពារជាតិកូរ៉េខាងជើង មានឈ្មោះថា «Self-Defence 2021» យ៉ាងដូច្នេះថា «ខ្ញុំពិតជាចង់ឃើញខ្លាំងណាស់ថា តើប្រជាជន ឬប្រទេសណាខ្លះដែលជឿថា សហរដ្ឋអាមេរិកមិនចង់បង្កអរិភាពជាមួយកូរ៉េខាងជើង… សហរដ្ឋអាមេរិក គឺជាដើមចមនៃអស្ថិរភាព (នៅតំបន់ឧបទ្វីបកូរ៉េ)។ មិនមានសកម្មភាពណាមួយរបស់ពួកគេ ដែលអាចឲ្យយើងជឿជាក់ថា មិនមានចេតនាបង្កអរិភាពនោះឡើយ…»។

មួយថ្ងៃមុនការថ្លែងដូចខាងលើនេះ លោក គីម ជុងអ៊ុន ក៏បានជំរុញឲ្យមន្ត្រីកូរ៉េខាងជើងគ្រប់ជាន់ថ្នាក់ ចូលរួមស្តារជីវភាពរស់នៅរបស់ប្រជាជន ឲ្យកាន់តែប្រសើរឡើងផងដែរ ខណៈដែលប្រទេសអាស៊ីបូព៌ាមួយនេះ ត្រូវបានគេមើលឃើញថា កំពុងបន្តទទួលរងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលបង្កឡើងដោយទណ្ឌកម្មពីសំណាក់អន្តរជាតិ ទៅលើកម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួន។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ កូរ៉េខាងជើងបានធ្វើតេស្តអាវុធប្រភេទថ្មីៗ ដែលបាននាំឲ្យពិភពលោកចាប់អារម្មណ៍ និងភ្ញាក់ផ្អើលផងដែរ ក្នុងនោះមានដូចជា ការធ្វើតេស្តជើងទម្រងបាញ់មីស៊ីលចេញពីរថភ្លើង និងគ្រាប់មីស៊ីលលឿនជាងសំឡេង ដែលមានសមត្ថភាពអាចបំពាក់ ក្បាលគ្រាប់នុយក្លេអ៊ែរជាដើម។ ទោះបីជាកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានស្តារខ្សែទូរស័ព្ទឆ្លងកាត់ព្រំដែនឡើងវិញក្តី ក៏ស្ថានការណ៍នៅឧបទ្វីបកូរ៉េ ហាក់មិនទាន់អាចចាត់ទុកថា បានប្រសើរឡើងវិញនោះឡើយ៕