FIFA ហាមប្រាម​រុស្ស៊ី មិន​ឲ្យ​ប្រើ​ទង់ជាតិ និង​ភ្លេងជាតិ​ក្នុង​ការប្រកួត​អន្តរជាតិ​នានា​

ពិភពលោក ៖ សហព័ន្ធ​បាល់ទាត់​អន្តរជាតិ FIFA កាលពី​ថ្ងៃអាទិត្យ បានធ្វើការ​ហាមប្រាម​រុស្ស៊ី មិន​ឲ្យ​មាន​ការដាក់​ទង់ជាតិ ក៏ដូចជា​ចាក់​ភ្លេងជាតិ​ឡើយ​ក្នុងការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នានា​ចាប់​ពេលនេះ​តទៅ ជាការ​ឆ្លើយតប​ទៅនឹង​រុស្ស៊ី​ដែល​បាន​លើកទ័ព​ចូលលុកលុយ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

FIFA បាន​ប្រាប់​ទៅ​រុស្ស៊ី​ថា សម្រាប់​ការប្រកួត​ដែល​នឹង​មកដល់​នាពេល​ខាងមុខនេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​ត្រូវតែ​ប្រកួត​នៅក្នុង​ទីលាន​អ​ព្យា​ក្រិ​ត្យ ដោយ​ពុំមាន​ដាក់​បង្ហាញ​ទង់ជាតិ​រុស្ស៊ី និង​ភ្លេងជាតិ​បន្លឺឡើង​ឡើយ​។​

​ការហាម​ប្រាម​ទាំងនេះ​កើតឡើង​បន្ទាប់ពី​សហព័ន្ធ​កីឡា និង​ប្រទេស​ជាច្រើន​បាន​លុបចោល​ការប្រកួត​នៅក្នុង​ប្រទេស​រុស្ស៊ី និង​បាន​បដិសេធ​មិន​ប្រឈមមុខ​នឹង​ក្រុម​រុស្ស៊ី ដើម្បី​ជាការ​ឆ្លើយតប​ចំពោះ​ការឈ្លានពាន​របស់​រុស្ស៊ី​មកលើ​អ៊ុយ​ក្រែ​ន​។​

​សាធារណរដ្ឋ​ឆេ​ក ប៉ូឡូញ និង​ស៊ុយអែត បាន​និយាយថា ក្រុម​ជម្រើសជាតិ​របស់​ពួកគេ​នឹងមិន​ចូលរួម​ប្រកួត​ជម្រុះ World Cup ជាមួយ​រុស្ស៊ី​នៅ​ខែក្រោយ​នោះទេ​។ សមាគម​បាល់ទាត់​របស់​អង់គ្លេស​ក៏បាន​និយាយ​ផងដែរ​ថា​ក្រុម​ជម្រើសជាតិ​របស់ខ្លួន​នឹងមិន​ប្រកួត​ជាមួយ​រុស្ស៊ី ផង​ដែល​។​

FIFA បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «FIFA មានការ​សោកស្តាយ​ដែល​រុស្ស៊ី​សម្រេច​ជ្រើសរើស​ប្រើ​កំលាំង​ទ័ព​ទៅលើ​អ៊ុយ​ក្រែ​ន​។ ហិង្សា​ពុំមែន​ជា​ដំណោះស្រាយ​ទេ ហើយ​ស្ថាប័ន​នេះ​ក៏​ជំរុញ​ឲ្យ​ដោះស្រាយ​ប្រកបដោយ​សន្តិវិធី ដើម្បី​សុវត្ថិភាព​ដល់​ប្រជាជន​អ៊ុយ​ក្រែ​ន​»៕