
អាជ្ញាធរមិនទាន់រកមុខឃើញអ្នកដែលចាក់ដីរំលោភឆ្នេរសមុទ្រដើម្បីចាត់វិធានការផ្លូវច្បាប់
ខេត្តកែប ៖ ករណីចាក់ដីរំលោភលប់ចូលឆ្នេរសមុទ្របម្រុងធ្វើជាកម្មសិទ្ធិនៅចំណុចភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែបពីសំណាក់ ជនមិនស្គាល់មុខបានក្លាយជាប្រធានបទយ៉ាងក្តៅគគុក ហើយមហាជនក៏កំពុងនាំគ្នាតាមដានពីចំណាត់ការរបស់អាជ្ញាធរយ៉ាងយកចិត្តទុកដាក់បំផុត ប៉ុន្តែរហូតមកដល់ពេលនេះអាជ្ញាធរក្រុងដែលមានលោកស្រី ទិត្យ សុខា ជាអភិបាល និងអាជ្ញាធរខេត្ត ដែលមានលោក សោម ពិសិដ្ឋ ជាអភិបាលនៅតែមិនទាន់វែករកមុខអ្នកដែលប្រព្រឹត្តឃើញដើម្បីចាត់វិធានការផ្លូវច្បាប់។
ជុំវិញករណីនេះ មហាជនមួយចំនួនបានធ្វើការវិភាគផ្សេងៗគ្នា ដោយអ្នកខ្លះយល់ឃើញថា អាចរកមុខសញ្ញាអ្នកប្រព្រឹត្តមិនឃើញ ព្រោះទីតាំងនេះជាតំបន់សំណង់មិនរៀបរយ (សំណង់គ្មានច្បាប់) រាល់ការទិញលក់មិនមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានឡើយ គឺទិញលក់តៗគ្នារវាងម្ចាស់អ្នកលក់ និងអ្នកទិញប៉ុណ្ណោះ។
ចំណែកអ្នកខ្លះទៀតបានលើកហេតុផលថា ទីតាំងដីនេះមានរបង ដូច្នេះប្រាកដជាមានម្ចាស់ ហើយអាជ្ញាធរក៏មិនពិបាកក្នុងការស្រាវជ្រាវរកអត្តសញ្ញាណអ្នកចាក់ដែរ ខ្លាចតែមិនចង់រក ព្រោះថា ក្នុងរជ្ជកាលដែលលោក សោម ពិសិដ្ឋ ដឹកនាំធ្វើជាអភិបាលខេត្តកែប មានករណីចាក់ដីរំលោភយកដីព្រែក ដីព្រៃលិចទឹក ឬដីឆ្នេរសមុទ្រជាហូរហែមកហើយ ដូចជាករណីចាក់លប់ឆ្នេរក្បែរភ្នំបារាំងជាដើម រហូតពេលនេះនៅតែរកអត្តសញ្ញាណអ្នកប្រព្រឹត្តមិនឃើញឡើយ។
ពាក់ព័ន្ធករណីចាក់ដីខាងលើនេះដែរ លោកស្រី ទិត្យ សុខា អភិបាលក្រុងកែបធ្លាប់បានប្រាប់ដល់អ្នកកាសែតថា លោកស្រីបានឲ្យក្រុមការងារចុះទៅពិនិត្យ និងដាក់កម្លាំងចាំឃ្លាំមើលរួចហើយ ដោយសារតែការចាក់នេះធ្វើឡើងនៅពេលយប់។
ដោយឡែកលោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានបញ្ជាក់ប្រាប់ដល់ “ភ្នំពេញដេលី” Phnom Penh Daily Media ថា បើមានឡានចាក់ទៀត អត់បាច់សួរនាំទេ ឃាត់តែម្តង។ លោកថា សុទ្ធតែលួចចាក់ តែទើបបានប៉ុន្មានឡានទេ យើងត្រូវខិតខំការពារឲ្យបាន ការពារឲ្យអស់លទ្ធភាព មិនទុកឲ្យអង្ករក្លាយជាបាយទេ សុខចិត្តឈ្លោះគ្នាមុន។
បើតាមប្រភពខ្សឹបខ្សៀវនិយាយតៗគ្នាថា អ្នកដែលហ៊ានចាក់ដីរំលោភចូលឆ្នេរសមុទ្រខាងលើនេះ មិនធម្មតាទេ មានខ្សែធំណាស់ ដូច្នេះហើយទើបអាជ្ញាធរ ក៏ដូចជាជំនាញមិនហ៊ានចេញមុខចាត់ការ ហើយម្នាក់ៗសម្ងំយកតែសុខរៀងៗខ្លួនប៉ុណ្ណោះ។
ទោះយ៉ាងណាមហាជនចង់ឃើញលោកស្រី ទិត្យ សុខា អភិបាលក្រុងកែប ក៏ដូចជាលោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប គួរមានវិធានការស្តារយកអាចម៍ដីដែលជនមិនស្គាល់មុខបានចាក់ចូលក្នុងឆ្នេរសមុទ្រឲ្យអស់ឡើងវិញដូចជាករណីផែរលោក គង់ យន្ត នៅព្រែកតានេន ដើម្បីថែរក្សាឆ្នេរដែលជាសម្បត្តិរបស់រដ្ឋឲ្យនៅគង់វង្ស ជៀសវាងជនឆ្លៀតឱកាសរំលោភធ្វើជាកម្មសិទ្ធិទៅថ្ងៃក្រោយ៕ ដោយ ៖ ទ្រី ហៀន