
បេឡារុសយល់ព្រមឲ្យកងកម្លាំងរុស្ស៊ីឈរជើងជាអចិន្ត្រៃយ៍ និងដំឡើងអាវុធនុយក្លេអ៊ែរ
បេឡារុស ៖ ប្រជាជនបេឡារុសបានបោះឆ្នោតនៅថ្ងៃចន្ទ ដើម្បីអនុញ្ញាតឱ្យកងកម្លាំងរុស្ស៊ីឈរជើងជាអចិន្ត្រៃយ៍ និងដំឡើងអាវុធនុយ ក្លេអ៊ែរ ដែលជាផ្នែកនៃកំណែទម្រង់រដ្ឋធម្មនុញ្ញដែលបានពង្រីកការគ្រប់គ្រងរបស់មេដឹកនាំ Alexander Lukashenko ដែលបានឡើងកាន់អំណាចចាប់តាំងពីឆ្នាំ១៩៩៤មកផងដែរ។
ការបោះឆ្នោតប្រជាមតិ បានធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញ ចំពេលប្រទេសអ៊ុយក្រែន កំពុងរងការវាយប្រហារពីសំណាក់កងទ័ពរុស្ស៊ី ហើយក្រុមប្រតិភូរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងជួបចរចាគ្នានៅតំបន់ព្រំដែនបេឡារុស នៅថ្ងៃនេះផងដែរ។
ប្រធានគណៈកម្មការបោះឆ្នោតកណ្ដាលបេឡារុស លោក Igor Karpenko បានឱ្យដឹងថា ប្រជាជនដែលបានចូលរួមក្នុងការបោះឆ្នោតប្រជាមតិ, មាន ៦៥.១៦ភាគរយបានបោះឆ្នោតគាំទ្រ និង១០.០៧ បោះឆ្នោតជំទាស់ទៅនឹងការអនុញ្ញាតឱ្យកងទ័ពរុស្ស៊ីឈរជើង ជាអចិន្ត្រៃយ៍ និងដំឡើងអាវុធនុយក្លេអ៊ែរនៅលើទឹកដីបេឡារុស។ លោក Karpenko បញ្ជាក់ថា អត្រាអ្នកចូលរួមបោះឆ្នោតប្រជាមតិនេះមាន ៧៨.៦៣ភាគរយ៕