អាជ្ញាធរស្រុកចន្ទ្រាចុះសំអាតអនាម័យតាមដងផ្លូវសាធារណៈ «ស្ពានដូនទយ»

ខេត្តស្វាយរៀង ៖ រសៀលថ្ងៃអាទិត្យ ៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២១ដោយអនុវត្តតាមការណែនាំរបស់លោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា  លោក ធឿន រដ្ឋា ប្រធានការិយាល័យនិតិកម្មសម្រុះសម្រួល និងវិវាទមូលដ្ឋានស្រុក បានសហការជាមួយលោកមេឃុំ ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំច្រេស និងប្រជាការពារភូមិបន្លាស្អិត ចុះយកអាស្រម និងសំអាតអនាម័យដែលបងប្អូនប្រជាពលរដ្ឋគាត់យកទៅបោះចោលតាមដងផ្លូវសាធារណៈ (ស្ពានដូនទយ) ស្ថិតនៅភូមិបន្លាស្អិត ឃុំច្រេស ស្រុកចន្ទ្រាខេត្តស្វាយរៀង លោក ធឿន រដ្ឋា បានឧបត្ថម្ភថវិកា ២០០,០០០រៀលដល់ក្រុមការងារផងដែល។

ក្រោយពីសម្អាតអនាម័យនិងយកអាស្រមផ្លូវសាធារណៈ លោក ធឿន រដ្ឋា ប្រធានការិយាល័យនីតិកម្មសម្រុះសម្រួលវិវាទមូលដ្ឋានស្រុក ក៏បានសំណូមពរនិងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមកុំយកសំរាមមកចោលនៅទីនេះព្រោះទីនេះជាទីកន្លែងតំបន់ទេសចរណ៍មួយនៅក្នុងស្រុកដែលបងប្អូនប្រជាពលរដ្ឋបានស្គាល់ថាតំបន់ទេសចរណ៍ស្ពានដូនទយ ដែលមានបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកក្រៅស្រុកក្នុងខេត្តក្រៅខេត្តមកលេងកម្សាន្តផងដែរ។

លោក ធឿន រដ្ឋា សូមផ្តាំផ្ញើបន្ថែមដល់លោកមេឃុំ ក្រុមប្រឹក្សាឃុំលោកមេភូមិនិងជំនួយការភូមិ ត្រូវជួយផ្សព្វផ្សាយបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល ៣កុំ ៣ការពារ ព្រោះមួយរយៈពេលដ៏ខ្លីនេះ មានករណីឆ្លងថ្មីទៀតដោយជំងឺដ៏កាចសាហាវមួយនេះនៅក្នុងប្រទេសយើង។

សូមបញ្ជាក់ផងដែរថា ស្ពានដូនទយនេះបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកបានស្គាល់ថា តំបន់ទេសចរណ៍ស្ពានដូនទយ ដែលមានបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកក្រៅស្រុកក្នុងខេត្តមកលេងកម្សាន្តដែលមានទេសភាពស្អាតទឹកថ្លាល្អទាក់ទាញអ្នកច្រើនផងដែរ៕ ដោយ ៖ ភក្តី