
អាល្លឺម៉ង់ក្លាយជាក្រុមដំបូងគេកក់កៅអី World Cup 2022 បន្ទាប់ពីយកឈ្នះម៉ាសេដូនៀខាងជើង
អាល្លឺម៉ង់ ៖ ក្រុមជម្រើសជាតិអាល្លឺម៉ង់ បានក្លាយជាក្រុមដំបូងគេ បានកក់កៅអីទៅលេងពានរង្វាន់ World Cup ឆ្នាំ២០២២ នៅប្រទេសកាតា បន្ទាប់ពីយកឈ្នះក្រុមម៉ាសេដូនៀខាងជើង ក្នុងលទ្ធផល ៤-០ កាលពីយប់មិញ។
សម្រាប់ការប្រកួតយប់មិញ៤គ្រាបរបស់អាល្លឺម៉ង់រកបានដោយខ្សែប្រយុទ្ធមកពីក្លិបតោខៀវ Chelsea រួមមាន Kai Havertz រកបាន ១គ្រាប់ និង Timo Werner រកបាន ២គ្រាប់ គ្រាដែល Musiala រកបាន ១គ្រាប់ចុងម៉ោង ដើម្បីជួយអាល្លឹម៉ង់កក់កៅអីវគ្គ ៣២ក្រុមចុងក្រោយមុនគេសម្រាប់ Word Cup 2022 នៅប្រទេសកាតាមុនគេ ដោយមានបារាំង ជាក្រុមការពារតំណែងជើងឯក។
៣ពិន្ទុបន្ថែមនេះ បានធ្វើឲ្យក្រុមរបស់លោក Hansi Flick រកបាន ២១ពិន្ទុ នាំមុខកំពូលតារាងនៃពូល J ដាច់ គ្រាដែលក្រុមលេខ២ រ៉ូម៉ានីមានតែ ១៣ពិន្ទុប៉ុណ្ណោះពីការប្រកួតជម្រុះប្រចាំតំបន់អឺរ៉ុប UEFA ដ្បិតនៅសល់ ២ប្រកួតទៀតក៏ដោយ ក្នុងចំណោម ៦ប្រទេសដែលស្ថិតក្នុងពូលជាមួយគ្នារួមមាន អាល្លឺម៉ង់ រ៉ូម៉ានី ម៉ាសេដូនីខាងជើង អាមេនី អ៊ីស្លង់ និងលិចធិនស្ថាន៕