
ចំណាប់អារម្មណ៍គ្រូបង្វឹក U-23 កម្ពុជា និងជប៉ុន មុនប៉ះគ្នានៅម៉ោង១១ព្រឹកនេះ
ភ្នំពេញ ៖ មុនប៉ះគ្នានៅម៉ោង១១ព្រឹកនេះ រវាងក្រុម U-23 កម្ពុជា និង ជប៉ុន ក្នុងវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup 2022 លោក Ryu Hirose គ្រូបង្វឹកក្រុមគោព្រៃជំទង់កម្ពុជាបានថ្លែងថា«ទោះបីជាក្រុមជប៉ុនមានកម្រិតលើយើង យើងនៅតែឈរលើគោលការណ៍លេងបាល់តាមរបៀបរបស់យើង។ លើសពីនេះ យើងចង់ជម្នះខ្លួនឯង ដូចអ្វីដែលយើងបានលើកឡើងខាងលើ ទោះបីជាគូប្រកួតយើងមានជំនាញ និងសមត្ថភាពខ្លាំងយ៉ាងណាក៏ដោយ»។
ចំណែកគ្រូ U23 ជប៉ុនលោក Togashi Koichi និយាយថា «កម្ពុជាមានកីឡាករដែលមានបច្ចេកទេសល្អច្រើន។ ខ្ញុំគិតថា កម្ពុជាគឺជាក្រុមល្អមួយ តាមការយល់ឃើញរបស់ខ្ញុំ។ យ៉ាងណាមិញ ក្រុមយើងនឹងលេងតាមលក្ខណៈពិសេសរបស់យើង ដែលយើងអាចប្រយុទ្ធជាមួយក្រុមតែមួយ ក្នុងការលេងវាយប្រហារ និងលេងការពារ។ យើងនឹងលេងជាមួយភាពរីករាយសម្រាប់ការប្រកួតកម្រិតអន្ដរជាតិនេះ ទោះបីជាការប្រកួតនេះ ត្រូវលេងក្នុងស្ថានភាពលំបាកនៃវិបត្តិកូវីដ-១៩ ក៏ដោយ»។
គួរដឹងថា នេះគឺជាការប្រកួតបញ្ចប់ពូល K របស់ U23 កម្ពុជា ក្រោយលត់ក្រុម U23 ហុងកុង ៤-២ កាលពីចុងសប្ដាហ៍កន្លងទៅ។ រីឯក្រុម U23 ជប៉ុន ទើបប្រកួតលើកដំបូង មុនពួកគេប្រកួតបញ្ចប់ពូលជាមួយហុងកុង នាថ្ងៃទី២៨ ខែតុលា។
ដោយឡែកសម្រាប់ការប្រកួតនេះ កម្ពុជាត្រូវការពិន្ទុចាំបាច់ ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដ ពោលបើសិនកម្ពុជាឈ្នះ កម្ពុជានឹងឡើងវគ្គបន្ដដោយស្វ័យប្រវត្តិ តែបើស្មើ កម្ពុជាត្រូវចាំអ៊ុតលទ្ធផលការប្រកួត រវាងជប៉ុន និងហុងកុង ក៏ដូចជាលទ្ធផលពូលផ្សេងៗទៀត៕