ឯកឧត្តម វ៉ា ថន អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវិធានការពង្រឹងការទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩

ខេត្តក្រចេះ ៖ រសៀលថ្ងៃចន្ទទី២៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវី១៩ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវិធានការពង្រឹងការទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ខេត្តក្រចេះ ដោយមានការចូលរួមពី លោកប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាល ក្រុង ស្រុក កងប្រដាបអាវុធទាំង៣ប្រភេទផងដែរ។

ក្នុងនោះដែល ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវី-១៩ បានណែនាំឱ្យអាជ្ញាធរក្រុងស្រុក ត្រូវបង្កើតលេខាធិការដ្ឋាន ដើម្បីធ្វើការត្រួតពិនិត្យ និងក្តាប់សភាពការរួម ព្រមទាំងត្រួតពិនិត្យអ្នកចំណូលថ្មី បន្តពង្រឹងការគ្រប់គ្រង ការធ្វើចត្តាឡីស័កតាមខ្នងផ្ទះ ដោយមានការចូលរួមពីមេភូមិ អនុភូមិ និងយុវជន ព្រោះថាកត្តាមូលដ្ឋាន គឺជាកត្តាកំណត់ភាពជោគជ័យទៅថ្ងៃខាងមុខ។

ឯកឧត្តម អភិបាលខេត្ត នឹងប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីកាត់ផ្តាច់ការចម្លងឱ្យបានឆាប់រហ័ស និងសូមអំពាវនាវ សូមឱ្យ បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ និងការពារខ្លួនពីជំងឺដ៏កាចសាហាវនេះ ដោយអនុវត្តនូវវិធានការ «៣កុំ និង៣ការពារ» របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាវិធានការនានា របស់ក្រសួងសុខាភិបាល។

ជាមួយគ្នានោះ ឯកឧត្តម បានជំរុញឱ្យអាជ្ញាធរក្រុងស្រុក ចុះប្រជុំ និងដាក់ផែនការ តាមបណ្តាភូមិ និងកសាងកម្លាំងគ្រូបង្គោល ដើម្បីអាចមានលទ្ធភាពធ្វើតេស្តរហ័សបាន ក្នុងករណីសង្ស័យ មានផ្ទុកជំងឺកូវីដ១៩។

សូមបញ្ជាក់ដែលថា គិតមកដល់ពេលនេះ ខេត្តក្រចេះ បានចាក់វ៉ាក់សាំង ចំនួន៣វគ្គរួចមកហើយ ដែលវគ្គទី១ បានចំនួន៣៣០.២២៧ នាក់, វគ្គទី២ បានចំនួន២៩១.១១៣នាក់ និងវគ្គទី៣នេះ ចំនួន៩៦៣៣នាក់ ជូនប្រជាពលរដ្ឋតាមបណ្តាគោលដៅប្រឈមខ្លាំង តាមបណ្តាស្រុក ក្រុង ក្នុងខេត្តក្រចេះ៕ ដោយ ៖ ស៊ាន ច័ន្ទដា