វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣,៥៩៥ករណីទៀត និងស្លាប់៦៤នាក់

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារម្សិលមិញបានប្រកាសបន្តរកឃើញករណីឆ្លង ជំងឺកូវីដ១៩ ចំនួន៣,៥៩៥ករណី និងអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន៦៤នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News។

បើតាមក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន០៣ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះមានចំនួន៧៨៣នាក់។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៨៩៦,១៧៤នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៨១០,២៩០នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ២១,៨០២នាក់៕