រុស្ស៊ី-ចិនចាប់ដៃគ្នាឆ្ពោះទៅរកសណ្តាប់ធ្នាប់ពិភពលោកដោយយុត្តិធម៌

ម៉ូស្គូ ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡារូវ បានជួបប្រជុំនៅថ្ងៃពុធជាមួយសមភាគីចិនលោក វ៉ាង យី ជាលើកដំបូង ចាប់តាំងពីទីក្រុងម៉ូស្គូ បានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ នេះបើយោងតាមសារព័ត៌មាន RT។

លោក ឡារូវ បាននិយាយបន្ទាប់ពីបានមកដល់ទីក្រុង ថាំងស៊ី (Tunxi) ខេត្តអាហួយ (Anhui) ភាគខាងកើតប្រទេសចិនថា ប្រទេសជិតខាងនឹងធ្វើការដើម្បីសម្រេចបាននូវសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល យុត្តិធម៌ និងប្រជាធិបតេយ្យ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា បានបង្ហោះរូបថតរបស់រដ្ឋមន្ត្រីទាំងពីរកំពុងស្វាគមន៍គ្នាដោយកែងដៃ។

ទីក្រុងប៉េកាំងបានអះអាងថា ការរឹតបន្តឹងសេដ្ឋកិច្ចបានរំខានដល់ពាណិជ្ជកម្មពិភពលោក ហើយនឹងមិនអាចដោះស្រាយជម្លោះនោះទេ។ មន្ត្រីបានអំពាវនាវថា មានតែការសន្ទនា និងការទូតប៉ុណ្ណោះ ទើបអាចឈានដល់សន្តិភាពពិតប្រាកដ។

លោក វ៉ាង ថា ថ្វីបើមានបញ្ហាប្រឈមថ្មីចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរក៏ដោយ ឆន្ទៈរបស់ភាគីទាំងពីរក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីកាន់តែខ្លាំងជាងមុន។ លោក វ៉ាង បាននិយាយនៅខែនេះថា ទំនាក់ទំនងរវាងចិន-រុស្ស៊ី គឺជាទំនាក់ទំនងទ្វេភាគីដ៏សំខាន់បំផុតមួយនៅក្នុងពិភពលោក៕