WHO ៖ វិបត្តិ​ជំងឺ​កូ​វីដ​-១៩នឹងមិន​ចប់​ក្នុងពេល​ឆាប់ៗ ​នោះទេ និងអំពាវនាវ​ឲ្យ​មានការ​ស្រាវជ្រាវ​​វ៉ាក់សាំង​​ជំនាន់​ថ្មី ​

វ៉ាស៊ីនតោន ​៖ ​អង្គការ​សុខភាព​ពិភពលោក (WHO) បានប្រកាសកាលពី​ថ្ងៃ​អង្គា​រថា វិបត្តិ​ជំងឺ​កូ​វីដ​-១៩ នឹងមិន​ចប់​ក្នុងពេល​ឆាប់ៗ និង​មិន​ងាយៗ​ស្រួលៗ​នោះទេ ស្រប​ពេលដែល WHO បាន​អំពាវនាវ​ឲ្យ​មានការ​សិក្សា​ស្រាវជ្រាវ​រក​វ៉ាក់សាំង​ជំនាន់​ថ្មី សម្រាប់​ការគ្រប់គ្រង ជំងឺ​រាតត្បាត​រយៈពេល​វែង​នេះ​។​

ប្រធាន WHO បាន​និយាយថា ថ្វីបើ​មាន​វឌ្ឍនភាព​តាមរយៈ​ការបង្កើន​យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង និង​ការព្យាបាល​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ ប៉ុន្តែ​ការវិភាគ​អំពី​ស្ថានភាព​បច្ចុប្បន្ន និង​ការព្យាករណ៍​បានបង្ហាញ​ឲ្យ​ឃើញថា ជំងឺ​រាតត្បាត​នេះ​នៅ​វែងឆ្ងាយ​ណាស់ មិន​បញ្ចប់​ក្នុងពេល​ឆាប់ៗ​នោះទេ​។​

ស្របពេល​ជាមួយគ្នា​នោះដែរ WHO ក៏បាន​អំពាវនាវ​ឲ្យ​មានការ​ស្រាវជ្រាវ​បន្ថែម​លើ ម៉ាស និង​ឧបករណ៍​ជំនួយ​ខ្យល់​ដកដង្ហើម​ដែល​អាច​ប្រើ​បាន និង​វ៉ាក់សាំង​ជំនាន់​ថ្មី ការវិនិច្ឆ័យ​រោគ និង​ការព្យាបាល​ជំងឺ ដើម្បី​គ្រប់គ្រង​ជំងឺ​រាតត្បាត​រយៈពេល​វែង​នេះ​។​

ជាមួយគ្នានេះ WHO ក៏បាន​សម្ដែង​ការព្រួយបារម្ភ​អំពី​បញ្ហា​ប្រឈម​របស់​ទ្វីបអាហ្វ្រិក​ក្នុងការ​ដោះស្រាយ​ជំងឺ​រាតត្បាត​នេះ ទៅលើ​ការទទួលបាន​វ៉ាក់សាំង ការធ្វើ​តេស្ត និង​ការព្យាបាល ក៏ដូចជា​ការប្រមូល និង​វិភាគ​ទិន្នន័យ​ដើម្បី​តាមដាន​ការវិវត្ត​នៃ​ជំងឺ​រាតត្បាត​ផងដែរ ដោយ​នៅមានកម្រិត​ខ្សោយ​ខ្លាំង​។​

សូមជម្រាបថា នៅ​ទ្វីបអាហ្វ្រិក ក្នុងចំណោម​មនុស្ស ១០០ នាក់ បានទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​ត្រឹម ១៤ នាក់​ប៉ុណ្ណោះ​៕