Salah ឈ្នះ​ពាន​កីឡាករ​បាល់ទាត់​បុរស​ឆ្នើម​ប្រចាំឆ្នាំ​របស់ FWA ជា​លើក​ទី​២

បរទេស ៖ ខ្សែប្រយុទ្ធ​ក្រុម Liverpool កីឡាករ Mohamed Salah បានឈ្នះ កីឡាករ​បាល់​ទា​ត់បុរ​ស​ឆ្នើម​ប្រចាំឆ្នាំ​របស់​ចក្រភព​អង់គ្លេស នៅក្នុង​ការបោះឆ្នោត​ប្រចាំឆ្នាំ​មួយ​នៃ​សមាគម​អ្នកសរសេរ​ព័ត៌មាន​កីឡាបាល់ទាត់ (Football Writers’ Association,FWA) ខណៈដែល​កីឡាករ​សញ្ជាតិ​អេ​ហ្ស៊ី​ប​រូបនេះ បានទទួល​ពានរង្វាន់​នេះ​ជា​លើក​ទី​២​។​

Salah បាន​ធ្លាក់​ឈ្នះ​ពាន​នេះ​ក្នុង​ឆ្នាំ​២០១៨ ដោយ​ទទួលបាន​សម្លេងឆ្នោត ៤៨ ភាគរយ​នាំមុខ​កីឡាករ Kevin De Bruyne របស់ Manchester City និង Declan Rice របស់ West Ham United ដែល​ឈរ​នៅ​លេខ ២ និង​លេខ​៣ ។​

​កីឡាករ​វ័យ ២៩ ឆ្នាំ​រូបនេះ​រកបាន​៣០​គ្រាប់ និង Assist ១៤ ដង​ក្នុងការ​បង្ហាញខ្លួន​៤៤​ប្រកួត​សម្រាប់ Liverpool នៅ​រដូវ​កាល​នេះ ។ ចំណែក​ខ្សែប្រយុទ្ធ Sam Kerr របស់ Chelsea បានឈ្នះ​ពានរង្វាន់​កីឡាករ​បាល់ទាត់​នារី​ឆ្នើម​ប្រចាំឆ្នាំ​ជាមួយនឹង​សម្លេង​បោះឆ្នោត​៤០​ភាគរយ ដោយបាន​យកឈ្នះ​លើ​ខ្សែប្រយុទ្ធ​ក្រុម Arsenal Vivianne Miedema និង Lauren Hemp របស់ Man City​ ។ កីឡាការិនី​សញ្ជាតិ​អូស្ត្រាលី Kerr រូបនេះ​បាន​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ក្នុង​ក្របខណ្ឌ Women’s Super League រដូវ​កាល​នេះ ដោយ​រកបាន​១៨ គ្រាប់​។​

FWA បាន​និយាយថា ទាំង​កីឡាករ Salah និង​កីឡាការិនី Kerr នឹង​ទទួលបាន​ពានរង្វាន់​របស់​ពួកគេ​នៅ​ថ្ងៃទី ៥ ខែឧសភា​៕