រយៈពេល៤ខែឆ្នាំនេះ កម្ពុជាទទួលបានចំណូល ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ជាង១.៣លានដុល្លារ

ខេត្តសៀមរាប ៖ តាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស និងចំណូល ដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរឲ្យដឹងថា រយៈពេល៤ខែ ដើមឆ្នាំ២០២២នេះ ភ្ញៀវទេសចរបរទេសចំនួនសរុប៣៣,២០៥នាក់ បានចូលទស្សនាអង្គរ ដោយទទួលបានចំណូលសរុបចំនួន១,៣៥២,៦១៥ដុល្លារអាមេរិក។

ដោយឡែក សម្រាប់ខែមេសា ឆ្នាំ២០២២នេះ គឺគ្រឹះស្ថានអង្គរ រកចំណូលបាន៥៣៧,០៤០ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន១៣,៣៦៥នាក់។

ក្នុងរយៈពេល៤ខែ ឆ្នាំ២០២២នេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប៦៦,៤១០ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕