WHO ៖ វីរុស​ក្លាយ​ពូជ​ឆ្លង​ខ្លាំង​ជាង Delta រាលដាល​ដល់​៤២​ប្រទេស​

បរទេស ៖ អង្គការ​សុខភាព​ពិភពលោក​(WHO)​បាន​និយាយថា​ខ្លួន​កំពុង​តាមដាន​យ៉ាង​ដិតដល់​ចំពោះ​វីរុស​បំប្លែង​ខ្លួន​ក្លាយ​ពូជ​ពី Delta ដើម្បី​កំណត់​ថា ​តើ​វា​ឆ្លង​ខ្លាំង​ជាង​ប្រភេទ​ដើម​ឬក៏​អត់ ខណៈ​ករណី​ឆ្លង​កំពុង​កើនឡើង​ទូទាំង​ពិភពលោក​។​

WHO ក៏​កំពុង​ពិនិត្យមើល​ផងដែរ​ថា​តើ វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​អាច​យកឈ្នះ​វីរុស​ក្លាយ​ពូជ AY.4.2 ដែរឬទេ ខណៈ​គិត​មក​ត្រឹម​ពេលនេះ វា​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ប្រទេស​យ៉ាងតិច ៤២​ហើយ​រួមទាំង​ប្រទេស ថៃ ផងដែរ​។​

WHO បាន​និយាយ​នៅក្នុង​ការធ្វើ​បច្ចុប្បន្នភាព​រោគរាតត្បាត​ប្រចាំ​សប្តាហ៍​របស់ខ្លួន​ថា “​ការកើនឡើង​នៃ​ករណី​ឆ្លង​វីរុស​ក្លាយ​ពូជ AY. 4.2 ត្រូវបាន​សង្កេតមើល​ចាប់​តាំង​ខែកក្កដា មកម្ល៉េះ​។ ការសិក្សា​អំពី​រោគរាតត្បាត និង​មន្ទីរពិសោធន៍​កំពុង​បន្ត​ដើម្បី​ពិនិត្យ​មើលថា​តើ វីរុស​ក្លាយ​ពូជ​នេះ អាច​ផ្លាស់ប្តូរ​ការចម្លង ឬ​មាន​សមត្ថភាព​ធ្វើ​ឲ្យ​អង់ទីគ័រ​រប​សមនុស្ស ធ្លាក់ចុះ​ដែរ​ឬក៏​អត់​”​។​

​គួរ​បញ្ជាក់ថា ពូជ​វីរុស AY. 4.2 មាន​ធាតុ​បំប្លែង​ចំនួន​បី​បន្ថែមទៀត បើ​ប្រៀបធៀប​ទៅនឹង​វីរុស​បំប្លែង​ខ្លួន​ដើម Delta៕