មន្ត្រីជាន់ខ្ពស់នៃយោធារុស្ស៊ីធ្វើទស្សនកិច្ចជាសម្ងាត់នៅភាគខាងកើតអ៊ុយក្រែន

ម៉ូស្គូ ៖ កាសែត New York Times បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់នៃយោធារុស្ស៊ីបានធ្វើទស្សនកិច្ចដោយសម្ងាត់ទៅកាន់ភាគខាងកើតអ៊ុយក្រែន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីផ្លាស់ប្តូរដំណើរ នៃការវាយលុកនៅទីនោះ។

កាសែតអាមេរិកនេះបានដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់អ៊ុយក្រែនបញ្ជាក់ថា អគ្គសេនាធិការលោក Valery Gerasimov បានស្នាក់នៅក្នុងតំបន់នោះអស់រយៈពេលជាច្រើនថ្ងៃកាលពីសប្តាហ៍មុន។  កាសែតនេះបានបញ្ជាក់ថា ឧត្តមសេនីយ Gerasimov បានទៅទស្សនាសាលារៀនមួយ ដែលទាហានរុស្ស៊ីប្រើជាមូលដ្ឋាននៅ Izyum ក្នុងតំបន់ Kharkiv កាលពីថ្ងៃសៅរ៍។

កាសែតនេះក៏បានឱ្យដឹងផងដែរថា កងកម្លាំងអ៊ុយក្រែនបានស៊ើបការណ៍ដឹងពីដំណើរទស្សនកិច្ចរបស់គាត់ និងបានវាយប្រហារសាលារៀននៅល្ងាចនោះ ប៉ុន្តែលោក Gerasimov បានចាកចេញទៅប្រទេសរុស្ស៊ីរួចហើយ។ ការវាយប្រហារនេះត្រូវបានគេរាយការណ៍ថា បានសម្លាប់ទាហានរុស្ស៊ីប្រហែល 200នាក់ រួមទាំងយ៉ាងហោចណាស់ឧត្តមសេនីយ៍ម្នាក់ផងដែរ។

សូមជម្រាបថា ឧត្តមសេនីយ៍ Gerasimov គឺជាជំនួយការដ៏ជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ កាសែត New York Times បានបញ្ជាក់ថា វត្តមានរបស់មន្ត្រីជាន់ខ្ពស់បែបនេះនៅតំបន់ជួរមុខគឺមិនមែនធម្មតានោះទេ៕