
ស្វាអង្កត់ ប្រភេទសត្វពានរងាយរងគ្រោះលើពិភពលោក កម្ពុជាមានចំនួន ៥៦ ក្រុមនៅឆ្នាំ២០២០
ភ្នំពេញ ៖ ស្វាអង្កត់ស្ថិតក្នុងប្រភេទសត្វមានដោយកម្រ ហើយត្រូវបានចុះបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទងាយរងគ្រោះលើពិភពលោក។ មិនមានទិន្នន័យច្បាស់លាស់ពីចំនួន នៃសត្វស្វាអង្កត់នៅលើពិភពលោកនោះទេ តែសម្រាប់ប្រទេសកម្ពុជា ត្រូវបានគេសិក្សាដឹងថាមានវត្តមានចំនួន ៥៦ ក្រុម ដែលក្នុងក្រុមនីមួយៗអាចមានសត្វស្វាអង្កត់ ៥០ ទៅ៦០ ក្បាល។ ស្វាអង្កត់មានវត្តមានតិចតួចនៅខាងលិចទន្លេមេគង្គ និងមានជាមធ្យមនៅភាគខាងកើតទន្លេមេគង្គនៃប្រទេសកម្ពុជា។ វាក៏មានវត្តមានផងដែរនៅភាគឦសាននៃប្រទេសឥណ្ឌា និងភាគខាងត្បូងនៃប្រទេសចិន និងភាគខាងជើងនៃប្រទេសថៃ និងឥណ្ឌូចិន។
ស្វាអង្កត់មានភិនភាគដូចស្វាត្រោសបេះបិទ ទាស់តែមានមាធធំជាងស្វាត្រោសបន្តិច និងមានមុខពណ៌ក្រហម។ វាមានទម្ងន់ជាមធ្យមចាប់ពី ៨-១២ គីឡូក្រាម។ ផ្នែកខាងលើនៃដងខ្លួនមានពណ៌ប្រែប្រួលពីខ្មៅស្រាលទៅត្នោតស្រាល បន្ទាប់មកទៅជាក្រហមព្រឿងៗ ដែលអាស្រ័យទៅតាមអាយុ និងទីកន្លែងរស់នៅ។ ស្វាឈ្មោលពេញវ័យមានរោមដុះពីក្រោមចង្កាច្រើនជាងពុកចង្កា។ ស្បែកមុខមានពណ៌ក្រហមត្នោត ហើយមានពណ៌ក្រហមខ្លាំងនៅពេលអាកាសធាតុក្ដៅ និងនៅរដូវបន្តពូជ។ នៅពេលចាស់ទៅ ផ្នែកខាងខ្នងរហូតដល់ស្មាមានរោមវែងហើយក្រាស់ ផ្ទៃមុខមានរោមស្ដើង ថ្ងាសទំពែកលយទៅមុខរាងចោត។ ផ្នែកត្រគាក កន្ទុយមានរោមខ្លីហើយស្ដើង និងមានប្រវែងតិចជាង ១០% នៃប្រវែងពីក្បាលដល់ដងខ្លួន។
វាជាសត្វចូលចិត្តរស់នៅតំបន់ខ្ពស់ៗ ព្រៃស្រោង និងពាក់កណ្ដាលស្រោងក្នុងព្រៃធម្មជាតិ និងព្រៃដុះឡើងវិញដែលមានរយៈកម្ពស់រហូតដល់ ២,០០០ ម៉ែត្រធៀបនីវ៉ូសមុទ្រ ហើយវាចំណាយពេលច្រើននៅលើដីដើម្បីរកចំណី។ ពួកវាស៉ីគ្រាប់រុក្ខជាតិ ផ្លែឈើ មើមឈើ និងប្រភេទសត្វល្អិតតូចៗជាអាហារ៕