ពូទីន ចុះហត្ថលេខាលើក្រឹត្យស្តីពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងទណ្ឌកម្មលោកខាងលិច

ម៉ូស្គូ ៖ វិមានក្រឹមឡាំងក្នុងថ្ងៃអង្គារបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយស្តីពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចសងសឹកវិញ ឆ្លើយតបទៅនឹងសកម្មភាពមិនរាក់ទាក់របស់រដ្ឋបរទេសមួយចំនួន និងអង្គការអន្តរជាតិ។

ឯកសារនេះមិនបានផ្តល់ព័ត៌មានលម្អិតណាមួយដែលបុគ្គល ឬអង្គភាពណាមួយអាចរងផលប៉ះពាល់ដោយសារតែវិធានការនេះនោះទេ។

យោងតាមក្រឹត្យនេះ រុស្ស៊ីនឹងហាមឃាត់ការនាំចេញផលិតផល និងវត្ថុធាតុដើមទៅកាន់បុគ្គល និងអង្គភាពដែលខ្លួនបានដាក់ទណ្ឌកម្ម។ ក្រឹត្យនេះក៏ហាមឃាត់ការធ្វើប្រតិបត្តិការជាមួយបុគ្គល និងក្រុមហ៊ុនបរទេសដែលរងការវាយប្រហារដោយទណ្ឌកម្មសងសឹករបស់រុស្ស៊ី។

ស្ថិតក្រោមក្រឹត្យនេះដែរ រដ្ឋាភិបាលរុស្ស៊ីមានពេល១០ថ្ងៃដើម្បីចងក្រងបញ្ជីបុគ្គល និងក្រុមហ៊ុនបរទេសដែលត្រូវដាក់ទណ្ឌកម្ម ក៏ដូចជាកំណត់លក្ខណៈវិនិច្ឆ័យបន្ថែមសម្រាប់ប្រតិបត្តិការមួយចំនួនដែលអាចប្រឈមនឹងការរឹតបន្តឹង៕