ថ្នាក់ដឹកនាំ បុគ្គលិក និងសហការី អង្គភាព “ភ្នំពេញដេលី” សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះមរណភាព ឯកឧត្តម ហ៊ុន ណេង

ភ្នំពេញ ៖ ថ្នាក់ដឹកនាំ បុគ្គលិក និងសហការី អង្គភាពសារព័ត៌មាន “ភ្នំពេញដេលី” មានសេចក្តីរន្ធត់ និងសោកស្តាយយ៉ាងក្រៃលែង ចំពោះមរណភាពរបស់ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារ សាធារណៈរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ដែលបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៦ ៖ ២៥នាទីល្ងាច ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ។

ការបាត់បង់ ឯកឧត្តម ហ៊ុន ណេង គឺជាការបាត់បង់នូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូបដែលមានស្នាដៃ និងបទពិសោធន៍ចូលរួមកសាង និងការពារជាតិប្រកបដោយសមត្ថភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសឯកឧត្តម ហ៊ុន ណេង បានធ្វើពលីកម្មដ៏ខ្ពង់ខ្ពស់ ក្នុងការរួមចំណែករំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងចូលរួមកសាងប្រទេសជាតិឡើងវិញ រហូតទទួលបានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យមកដល់សព្វថ្ងៃនេះ៕