វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ២,២៦៩ករណី និងស្លាប់ម្នាក់ទៀត

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យម្សិលមិញបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ២,២៦៩ ករណីបន្ថែមទៀត និងអ្នកស្លាប់ថ្មីចំនួនម្នាក់ទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News។

បើតាមក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា រដ្ឋធានីហាណូយដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ មានករណីឆ្លងថ្មីចំនួន ៣៣៨ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Nghệ An មានចំនួន ១៤០ករណី និងខេត្ត Tuyên Quang ១៣៥រណី។

សូមជម្រាប គិតត្រឹមថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ នៅទូទាំងប្រទេសចំនួន ១០,៦៧៦,១៨៤ នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៣២០,៥៩១នាក់ និងស្លាប់សរុបចំនួន ៤៣,០៥៦នាក់៕