ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីហ្វីលីពីនចាប់ផ្ដើមហើយ

ម៉ានីល ៖ ប្រជាជនហ្វីលីពីនបានចាប់ផ្តើមធ្វើដំណើរទៅការិយាល័យបោះឆ្នោតហើយ នៅព្រឹកថ្ងៃចន្ទនេះ នៅទូទាំងប្រទេស ដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតីបន្ទាប់របស់ពួកគេ និងមន្ត្រីប្រមាណ ១៨.០០០នាក់ផ្សេងទៀតនៃរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់។

ប្រជាជនហ្វីលីពីន ៦៥.៧លាននាក់បានចុះឈ្មោះបោះឆ្នោតនៅក្នុងប្រទេស ហើយ ១.៦៩លាននាក់នឹងចូលរួមការបោះឆ្នោតនៅតាមស្ថានទូតហ្វីលីពីននៅឯក្រៅប្រទេស។ ប្រជាជនហ្វីលីពីនអាចទម្លាក់សន្លឹកឆ្នោតរបស់ពួកគេ នៅ ចន្លោះពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ៧យប់ថ្ងៃចន្ទនេះ។ នេះបើតាមបើតាមគណៈកម្មការរៀបចំការបោះឆ្នោតហ្វីលីពីន។

នៅក្នុងការបោះឆ្នោតនេះ ប្រជាជនហ្វីលីពីននឹងត្រូវបោះឆ្នោតជ្រើសប្រធានាធិបតី, អនុប្រធានាធិបតី, សមាជិកព្រឹទ្ធសភា ១២រូប, សមាជិករដ្ឋសភា ៣០០រូប និងមន្ត្រីចំនួន ១៨,០០០នាក់ នៅទូទាំងកោះចំនួន ៧,៦០០កោះ ក្នុងនោះរួមមានទាំងចៅហ្វាក្រុង និងអភិបាលតំបន់ផងដែរ។

សូមជម្រាបថា បេក្ខជនប្រធានាធិបតីហ្វីលីពីន ៤រូប ក្នុងចំណោម ១០រូបកំពុងនាំមុខគេ ក្នុងនោះរួមមានទាំងកូនប្រុសច្បងនៃអតីតមេដឹកនាំផ្ដាច់ការ ហ្វីលីពីន គឺលោក ហ្វឺឌីណាន់ ម៉ាកូស ជេ អ (Ferdinand Marcos Jr) ដែលកំពុងប្រជែងដើម្បីយកតំណែងជាប្រធានាធិបតីហ្វីលីពីនថ្មី ជំនួសលោក រ៉ូឌ្រីហ្គោ ឌូតើតេដែលចប់អាណត្តិ៕