ពលរដ្ឋរងគ្រោះដោយទឹក​ជំនន់ស្ទឹងព្រែកត្នោត ៨៣៧គ្រួសារ ក្នុង​ដង្កោទទួលអំណោយព្រះមហាក្សត្រ និងសម្តេចម៉ែ

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់ស្ទឹងព្រែកត្នោតចំនួន​៨៣៧គ្រួសារ ស្ថិតនៅ​ក្នុង​សង្កាត់​គងនយ និង​សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ទទួលអំណោយ​ដ៏​ថ្លៃ​ថ្លារបស់ ព្រះករុណា​ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្ដេច​ព្រះមហាក្សតី្រ ព្រះវររាជ​មាតា​ជាតិខ្មែរ។

ពិធីនេះធ្វើឡើងនា​ព្រឹក​ថ្ងៃ​សុក្រ ០៨រោច ខែអស្សុជ ឆ្នាំ​ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ២០២១នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​ចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង ព្រះរាជតំណាងដ៏​ខ្ពង់ខ្ពស់ ព្រះករុណា​អម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​ព្រះមហាក្សតី្រ នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្ដី​ថ្លៃ​ថ្នូរ និង​សុភមង្គល​ និងមានការអញ្ជើញចូលរួមពីឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ឆ្នាំនេះដោយសារការប្រែប្រួលអាកាសធាតុគួបផ្សំនឹងកត្តាភូមិសាស្ត្រសណ្ឋានដី បានធ្វើឱ្យតំបន់សណ្ដស្ទឹងព្រែកត្នោត ដែលតភ្ជាប់ពីខេត្តកំពង់ស្ពឺ មកកាន់ខេត្តកណ្តាល ឆ្លងកាត់រាជធានីភ្នំពេញ បានទទួលរងការគំរាមកំហងជាថ្មីម្តងទៀតដោយសារជំនន់ទឹកភ្លៀង បណ្ដាលមកពីការហូរជន់ដោយគំហុកនូវបរិមាណទឹកភ្លៀងដ៏ច្រើន ពីតំបន់ភ្នំភាគនិរតី ជាហេតុធ្វើឱ្យបណ្ដាខណ្ឌជាយក្រុង ជាពិសេសខណ្ឌកំបូល និងខណ្ឌដង្កោ ត្រូវលិចលង់ផ្នែកខ្លះដោយចៀសមិនរួច។

ជាក់ស្តែងកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ទឹកស្ទឹងព្រែកត្នោត បានហក់ឡើងយ៉ាងខ្លាំង ធ្វើឱ្យមានការហូរច្រោះក្បាលហុងទឹក ហៀរហូរ ជន់លិចលំនៅឋាន និងបង្កឱ្យមានផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ដល់បងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងភូមិចំនួន៤ ក្នុងសង្កាត់គងនយ ហើយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ជំនន់ទឹកភ្លៀង បានបន្តហូរជន់លិចក្នុងភូមិចំនួន៤ ផ្សេងទៀត នៃសង្កាត់ទៀន ព្រមទាំងបណ្តាភូមិ នៃសង្កាត់មួយចំនួនទៀត ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

ឯកឧត្តមបន្តថា ស្ថិតក្នុងស្ថានភាពមហន្តរាយនេះ កងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់របស់រដ្ឋបាលរាជធានីភ្នំពេញ មានភាពម្ចាស់ការខ្ពស់ បានសហការរួមគ្នាផ្ដល់ការសង្គ្រោះបានទាន់ពេលវេលា ដោយជម្លៀសបងប្អូនប្រជាពលរដ្ឋចេញពីតំបន់រងគ្រោះ ទៅកាន់ទីទួលសុវត្ថិភាព និងបានផ្គត់ផ្គង់ម្ហូបអាហារ ទឹកសុទ្ធ បង្គន់អនាម័យ និងទីកន្លែងស្នាក់នៅបណ្តោះអាសន្នសមរម្យ ពោលគឺមិនមានប្រជាពលរដ្ឋណាមួយរងគ្រោះ ដល់អាយុជីវិតឡើយ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញបញ្ជាក់ទៀតថា ដោយមើលឃើញពីទុក្ខលំបាករបស់ប្រជានុរាស្ត្រសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តាមរយៈសម្ដេចចៅហ្វាវាំង ឧបនាយករដ្ឋមន្តី បានព្រះរាជទានព្រះរាជអំណោយមនុស្សធម៌ ដើម្បីចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន៨៣៧គ្រួសារ ដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់ ក្នុងនោះសង្កាត់គងនយ មានចំនួន ៤៩១គ្រួសារ និងសង្កាត់ទៀន មានចំនួន៣៤៦គ្រួសារ។

ក្នុងឱកាសនោះ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល បានមានប្រសាសន៍លើកឡើងថា ក្រោយពីទទួលបានព័ត៌មានពីការលិចលង់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ដោយទឹកជំនន់ព្រែកត្នោតនេះ និងដោយមើលឃើញពីទុក្ខលំបាករបស់ប្រជានុរាស្ត្រ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក៏បានចាត់ឱ្យសម្ដេចនាំយកព្រះរាជអំណោយមនុស្សធម៌នេះ មកចែកជូនបងប្អូនប្រជាពរដ្ឋ ចំនួន៨៣៧គ្រួសារនៅក្នុងខណ្ឌដង្កោនេះតែម្តង។

សម្ដេចចៅហ្វាវាំង បានថ្លែងបន្តទៀតថា ព្រះរាជអំណោយរបស់សម្ដេចម៉ែ ត្រូវប្រគល់ឲ្យបងប្អូនប្រជាពលរដ្ឋទាំង៨៣៧ គ្រួសារនេះ ក្នុងមួយគ្រួសារៗ ទទួលបានអាវយឺតមួយ អង្ករ ៥០គីឡូក្រាម ម៉ាស១០បន្ទះ មី១កេស ត្រីខ ១០កំប៉ុង តង់១ ឃីតមួយកញ្ចប់ (ដែលក្នុងឃីតនេះ មានភួយ១ ក្រម៉ា១ មុង១)និងថវិកាចំនួន៤សែនរៀល។

នៅក្នុងឱកាសនោះដែរ សម្ដេចចៅហ្វាវាំង ក៏បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ អនុវត្តឲ្យបានទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ពិសេសអនុវត្តឲ្យបាន «៣កុំ និង៣ការពារ» ដើម្បីយើងរួមគ្នាទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ១៩៕