វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ២,១៧៥ករណី និងស្លាប់ម្នាក់ទៀត

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃចន្ទម្សិលមិញបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ២,១៧៥ករណីបន្ថែមទៀត និងករណីអ្នកស្លាប់ថ្មីចំនួនម្នាក់ទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News។

បើតាមក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា រដ្ឋធានីហាណូយដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ មានករណីឆ្លងថ្មីចំនួន ៦០១ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Quảng Ninh មានចំនួន ១១៦ករណី និងខេត្តPhú Thọ ១១៣ករណី។

សូមជម្រាបថា គិតត្រឹមថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៦៧៨,៣៥៩នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៣២២,១៦៥នាក់ និងស្លាប់សរុបចំនួន ៤៣,០៥៧នាក់៕