Haaland ខិតជិតចុះកិច្ចសន្យាផ្ទេរទៅកាន់ Man City

បរទេស ៖ យោងតាម​របាយការណ៍​មួយ​បានឱ្យដឹងថា កីឡាករ Erling Braut Haaland នឹងត្រូវ​បានប្រកាស​ជា​កីឡាករ​របស់ Manchester City នៅ​សប្តាហ៍​នេះ​បន្ទាប់ពី​ការធ្វើ​តេស្ត​សុខភាព​ប្រកបដោយ​ជោគជ័យ​។​

​កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ ត្រូវបាន​គេ​រំពឹងថា​នឹង​ចាក​ចេញពី​ក្លឹប Borussia Dortmund នៅ​រដូវក្តៅ​នេះ ហើយ​បាន​ក្លាយជា​ខ្សែប្រយុទ្ធ​ដែល​ត្រូវបាន​គេ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ក្លិប​នៅ​ទ្វីបអឺរ៉ុប ដោយ Man City ជឿថា​នឹង​នាំមុខគេ​ក្នុងការ​ប្រជែង​យក​ហត្ថលេខា​របស់​កីឡាករ​រូបនេះ​។​

​យោងតាម​អ្នកកាសែត Fabrizio Romano បានឱ្យដឹងថា Haaland បច្ចុប្បន្នកំពុង​ស្ថិតក្នុង​ទីក្រុង Dortmund ជា​កន្លែង​ដែល​គេ​បានធ្វើ​តេស្ត​សុខភាព​កាលពី​ថ្ងៃ​ចន្ទ ហើយ​ការប្រកាស​ជា​ផ្លូវការ​នៃ​ការផ្ទេរ​របស់គេ​មកកាន់​កីឡដ្ឋាន Etihad នឹងធ្វើ​ឡើង​នៅ​សប្តាហ៍​នេះ​។​

​លោក Romano បន្ថែមថា Man City បាន​ជូនដំណឹង​ដល់ Dortmund ថា​ពួកគេ​នឹង​ដំណើរការ​លក្ខខណ្ឌ​តម្លៃ​ផ្តាច់​កុងត្រា​របស់​ខ្សែប្រយុទ្ធ​រូបនេះ​ក្នុងតម្លៃ​៦៤​លាន​អឺរ៉ូ​។ លោក Romano ក៏បាន​បន្ថែមថា Haaland បាន​យល់ព្រម​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល​៥​ឆ្នាំ ហើយនឹង​អាច​រកប្រាក់​ចំណូល​បាន​មិន​លើសពី​កីឡាករ Kevin De Bruyne ដែល​រកចំណូលបាន​ខ្ពស់បំផុត​របស់ Man City ដែល​បច្ចុប្បន្នកំពុងរ​កបាន​ប្រហែល ៣៧៥,០០០ ផោន​ក្នុង​មួយ​សប្តាហ៍​៕