ក្រសួងកិច្ចការនារី​ និងអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀនបន្តរួមគ្នាបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់តំបន់​ប្រឆាំងគ្រឿងញៀន​ក្នុងវិស័យកិច្ចការនារីខេត្តចំនួន៩

ខេត្តបន្ទាយមានជ័យ​ ៖ ក្រោមកិច្ចសហការរវាងក្រសួងកិច្ចការនារី អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១០ ខែឧសភា​ ឆ្នាំ២០២២នេះ  បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ថ្នាក់តំបន់ ស្តីពីការលើកកម្ពស់ការចូលរួមរបស់អ្នកម្តាយ ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងការចែកចាយគ្រឿងញៀន ក្រោមអធិបតីលោកជំទាវ ឡុង សុផល្លី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ឧត្តមសេនីយ៍ទោ​ លឹម​ តុងហួត​ ប្រធាននាយកដ្ឋាននីតិកម្ម​ អប់រំ​ និងស្តារនីតិសម្បទា​ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ​រ​ស់​ សុផានី​ អភិបាលរង តំណាងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីតំណាងមន្ទីរកិច្ចការនារីខេត្តបន្ទាយមានជ័យ ព្រៃវែង កំពង់ចាម រតនគិរី មណ្ឌលគិរី ឧត្តរមានជ័យ កំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ព្រះវិហារ និងស្ថាប័ន អង្គភាពពាក់ព័ន្ធសរុប៥០នាក់។

លោកជំទាវ​ រស់​ សុផានី​ អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា គ្រឿងញៀន ជាមូលហេតុមួយ ដែលជំរុញនិងបង្កឱ្យមានបទល្មើសផ្សេងៗ គំរាមកំហែងដល់សន្តិសុខសណ្តាប់ធ្នាប់ សហគមន៍ ដែលពាក់ព័ន្ធបញ្ហានេះ ខេត្តបានបន្តរួមចំណែកជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទប់ស្កាត់ បង្ការបង្រ្កាប​ និងព្យាបាលអ្នកញៀនគ្រឿងញៀននិងបន្តអនុវត្តខ្ជាប់ខ្ជួននូវទិសស្លោកប្រឆាំងគ្រឿងញៀន បីកុំ មួយរាយការណ៍ ។

ថ្លែងក្នុងនាម​ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វីរិទ្ធ​ នាឱកាសនោះ​ ឧត្តមសេនីយ៍​ទោ​ លឹម​ តុងហួត​ បានមានប្រសាសន៍ ថ្លែងអំណរគុណដល់លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាសមាជិករបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចូលរួមអនុវត្តនូវយុទ្ធសាស្រ្ត ពហុវិស័យ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលគ្រប់ដំណាក់កាលហើយការចូលរួមសកម្មភាពគ្រប់សមាសភាពក្នុងសហគមន៍ពិតជាមានសារសំខាន់ ដើម្បីទប់ស្កាត់ការរីករាលដាលបញ្ហាគ្រឿងញៀនទាំងទីក្រុងនិងទីជនបទ បង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋទូទៅក្នុងនោះមានយុវជន​ យុវនារី ដែលតម្រូវឱ្យយើងត្រូវតែរួមគ្នាដោះស្រាយ។

ថ្លែងក្នុងនាម​ លោកជំទាវ​ អ៊ឹង​ កន្ថាផាវី​ រដ្ឋមន្ត្រី​ នាឱកាសនោះដែរ​ លោកជំទាវ ឡុង សុផល្លី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានប្រសាសន៍ថា តាមការចុះសិក្សាពីស្ថានភាពស្រ្តីជាប់ឃុំនៅតាមពន្ធនាគារចំនួន២៨ នៅទូទាំង២៥ រាជធានី-ខេត្ត រកឃើញថា ស្រ្តីកំពុងជាប់ពន្ធនាគារភាគច្រើន បានប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងការជួញដូរ ចែកចាយ និងរក្សាទុកគ្រឿងញៀនប៉ះពាល់ដល់ក្រុមគ្រួសាររបស់គេ និងសង្គមជាតិទាំងមូល។

ជាមួយគ្នានេះ​ លោកជំទាវ ឡុង សុផល្លី បានមានប្រសាសន៍បន្ថែមថា វគ្គបណ្តុះបណ្តាលគ្រូបង្គោល ថ្នាក់តំបន់ ធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍន៍ចំណេះដឹង ដល់មន្រ្តីកិច្ចការនារី ដើម្បីប្រតិបត្តិករទាំងនេះ យកទៅប្រើប្រាស់ជាមូលដ្ឋាន ផ្តល់ចំណេះដឹង​ និងកៀរគរការចូលរួមរបស់ស្រ្តី ជាលោកយាយ អ៊ុំស្រី ម្តាយ ម្តាយមីង បងប្អូនស្រ្តី ឱ្យបានកាន់តែសកម្មបន្ថែមទៀតក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនទប់ស្កាត់ការប្រើប្រាស់ រក្សាទុក និងចែកចាយគ្រឿងញៀនខុសច្បាប់ ឱ្យអស់ពីសហគមន៍យើង ។

តាមរបាយការណ៍​ ឆ្នាំ២០២១​ កម្ពុជាគ្រប់គ្រងអ្នកប្រើ​ និងអ្នកញៀនគ្រឿងញៀនចំនួន១៦២៦៤​នាក់​ ក្នុងនោះមុខរបរមន្រ្តីរាជការ២%​ សិស្សានុសិស្ស​៣%​ កម្មករ២៥%​ អ្នកជំនួញ៧%​ មុខរបរ​មិនពិតប្រាកដ៣៤%​ ជនអាណាថា​ ១០%​ ផ្សេង១៩%៕ ដោយ ៖ នាយកំសត់