
របួសធ្ងន់ម្នាក់ ខូចខាតរថយន្ត២គ្រឿង ក្នុងអគ្គិភ័យឆេះស្ថានីយលក់ប្រេងឥន្ធនៈមួយកន្លែងនៅក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ ៖ រថយន្ត២គ្រឿងត្រូវបានអគ្គិភ័យឆាប់ឆេះ នៅស្ថានីយលក់ប្រេងឥន្ធនៈមួយកន្លែងស្ថិតក្នុង សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ដែលហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង៧ និង១០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២១នេះ។
ក្នុងហេតុការណ៍នេះដែរ គេឃើញវត្តមានឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យបានចុះបញ្ជាដឹកនាំដោយផ្ទាល់កម្លាំងអន្តរាគមន៍ តំបន់ប្រតិបត្តិការសឹករងខេត្ត សហការជាមួយកងកម្លាំងចម្រុះ ពន្លត់អគ្គិភ័យស្ថិតនៅខាងមុខផ្សារអូរអំបិល សង្កាត់ផ្សារអូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
បើតាមប្រភពព័ត៌មានដែលទទួលបានឲ្យដឹងថា មូលហេតុដែលបង្កឲ្យមានអគ្គិភ័យឆាបឆេះ ដោយសារតែម្ចាស់ស្ថានីយបានបូមប្រេង ពេលភ្លើងម៉ូទ័របូមសាំងផ្ទេរពីស៊ីទែនសាំងនៅក្រោមដី ទៅរថយន្តដឹកប្រេង ពេលបូមប្រេងរួចដកឌុយ ស្រាប់តែបែកផ្កាភ្លើង បង្កជាអគ្គិភ័យតែម្តង។ ក្នុងហេតុការណ៍នេះបណ្តាលឱ្យម្ចាស់ការ៉ាសសាំងឈ្មោះ ជា លី រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
សូមជម្រាបថា ក្នុងអគ្គិភ័យនេះបានខូចខាត រួមមាន ៖ រថយន្ត២គ្រឿង, សាំង៥០០លីត្រ និងរោងក្រោយផ្ទះមួយខ្នង។ សមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្តចំនួន ៣គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង៕ ដោយ ៖ កំសត់