ឯកឧត្តម ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា និងសមិទ្ធផលនានានៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន អម្ពរវ័នជំនីក ស្រុកក្រូចឆ្មារ

ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ ១០បន្ទប់ និងសមិទ្ធផលនានា នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន អម្ពរវ័នជំនីក ស្ថិតក្នុងភូមិស្វាយដំណាក់ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។

ពិធីមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងតំណាងរាស្ត្រ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ស្រុក ឃុំ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សមាគមន៍នានា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស កាយរិទ្ធ យុវជនកាកបាទក្រហម ស.ស.យ.ក និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្តម ហ៊ុន ម៉ាណែត សូមអបអរសាទរចំពោះសមិទ្ធផលដែលកើតមានទ្បើងជាបន្តបន្ទាប់នៅក្នុងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន អម្ពវ័នជំនីក ហើយសំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំទាំងនេះ នឹងស្ថិតស្ថេរ នៅគង់វង្សយូរអង្វែងត ជាប្រយោជន៍ក្នុងការបណ្តុះបណ្តាលកូនចៅប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះឱ្យមានអនាគតរុងរឿងខ្ពង់ខ្ពស់គ្រប់ៗគ្នា។

ឯកឧត្តមបន្តថា នៅក្នុងវិស័យអប់រំ ក្រៅពីរាជរដ្ឋាភិបាល មានតួអង្គបីសំខាន់គឺ៖ ទី១. មាតាបិតា អាណាព្យាបាល ជាអ្នកមានគុណូបការៈក្នុងការផ្គត់ផ្គង់ទំនុកបម្រុងគ្រប់បែបយ៉ាងឱ្យកូនចៅរបស់ខ្លួនបានរៀនសូត្រខ្ពង់ខ្ពស់ និងការអប់រំណែនាំឱ្យមានសីលធម៌ និងចរិយាសម្បត្តិល្អ។ ទី២. លោកគ្រូអ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងយកអស់សមត្ថភាព  និងលទ្ធភាពក្នុងការអប់រំបង្ហាត់បង្រៀនកុលបុត្រ កុលធីតា ឱ្យទទួលបានពុទ្ធិជ្រៅជ្រះ ក្លាយខ្លួនជាបញ្ញាវ័ន្ត និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមគ្រួសារ និងសង្គមជាតិទាំងមូល។ ទី៣. សិស្សានុសិស្សគ្រប់រូប ដែលជាទំពាំងស្នងឫស្សីពោរពេញចំណេះដឹង ជំនាញ និងគុណធម៌ ជាមួយនឹងភាពអំណត់អត់ធន់ក្នុងការសិក្សារៀនសូត្រ ក៏ដូចជាការចូលរួមក្នុងកិច្ចការសង្គមនានា ស័ក្តិសមជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។

ជាមួយគ្នានេះ ឯកឧត្តមក៏សូមអរគុណប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មារ ក៏ដូចជានៅទូទាំងខេត្តត្បូងឃ្មុំ ដែលតែងតែគាំទ្រ និងផ្តល់ទំនុកចិត្តលើ សម្តេចតេជោ និង គណបក្សប្រជាជនកម្ពុជា តរៀងមក ជាពិសេសការផ្តល់យុត្តិធម៌ចំពោះ សច្ចភាព និងការខិតខំប្រឹងប្រែងកន្លងមករបស់ថ្នាក់ដឹកនាំគណបក្ស និងក្រុមការងារចុះជួយមូលដ្ឋានគ្រប់យន្តការ ដើម្បីធ្វើយ៉ាងឱ្យប្រជាពលរដ្ឋបានរស់នៅក្នុងសេចក្តីសុខសាន្ត និងមានជីវភាពរុងរឿង៕ ដោយ ៖ ផល្លិត ហៅបូរ៉ា