ប្រកាសផ្លាស់ប្ដូរមុខតំណែង និងជូនប័ណ្ណសសើរដល់មន្ត្រីមានស្នាដៃក្នុងការបំពេញភារកិច្ច

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃទី១០ ឧសភា ២០២២ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តបានរៀបចំពិធីផ្លាស់ប្ដូរតំណែង ប្រគល់ប័ណ្ណសរសើរជូនយោធិន និងបើកវគ្គបណ្ដុះបណ្ដាលបំប៉នជំនាញកងរាជអាវុធហត្ថខេត្តប្រចាំឆមាសទី១ ដល់សិក្ខាកាមប្រមាណ៥០នាក់ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ហែម ប៉ូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ។

លោកឧត្តមសេនីយ៍ត្រី ហែម ប៉ូណារ៉ែល បានផ្ដាំផ្ញើដល់នាយទាហានដែលទើបតែទទួលបានតំណែងថ្មី ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចតួនាទីរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនបម្រើជាតិមាតុភូមិ គោរពបទបញ្ជារបស់ថ្នាក់ដឹកនាំ ជាពិសេសបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា ដែលតែងតែតម្រង់ទិស ដល់យោធិនទាំងអស់ ឱ្យគោរពវិន័យ មានសីលធម៌ ក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួនប្រចាំថ្ងៃ។

លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មានប្រសាសន៍បន្តថា អាវុធហត្ថទាំងអស់ ត្រូវរក្សាសុខសន្តិភាព ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសចូលរួមការពារក្នុងអំឡុងថ្ងៃបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខនេះ។

ដោយឡែកចំពោះសិក្ខាកាម ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលខាងលើ ត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ អំពីមូលដ្ឋានគ្រឹះ ពីគ្រូបង្គោល ដើម្បីឲ្យមានប្រសិទ្ធភាពក្នុងការងារទៅថ្ងៃក្រោយ៕ ដោយ ៖ ផល្លិត ហៅបូរ៉ា