សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព

អាមេរិក ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងក្នុងនាមជាប្រធានអាស៊ាន បានអញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិ Joint Base Andrews Airport រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកហើយ នៅវេលាម៉ោង១៩៖៣៣នាទី (ថ្ងៃទី១០ ខែឧសភា) ដែលត្រូវនឹងម៉ោង៦៖៣៣ព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ម៉ោងនៅរាជធានីភ្នំពេញ ក្រោមកិច្ចស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅពីប្រជាពលរដ្ឋខ្មែរអាមេរិក និងខ្មែរកាណាដាយ៉ាងច្រើនកុះករ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីរាជធានីភ្នំពេញ នៅវេលាម៉ោង៧៖៤៥នាទី នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។

កិច្ចប្រជុំកំពូលពិសេសនេះធ្វើឡើងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីអបអរសាទរទំនាក់ទំនងភាពជាដៃគូសន្ទនាអាស៊ាន-អាមេរិក ដែលរយៈពេល ៤៥ឆ្នាំមកហើយនោះ៕