ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ៖ សម្តេចតេជោ​ដឹកនាំកម្ពុជាផ្តើមពីចំណុចសូន្យ ឬបាតដៃទទេ រហូតទទួលបាននូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ

ខេត្តបន្ទាយមានជ័យ​ ៖ ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ថ្លែងបែបនេះក្នុងឱកាសដឹកនាំក្រុមការងារអញ្ជើញសម្ពោធឆ្លងគរុនិវេសនដ្ឋានកុដិ​ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅវត្តប្រាសាទស្រះកណ្ដាល(វត្តខ្ចាស់)ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ បន្ទាយមានជ័យ​ នាថ្ងៃទី១១​ ខែឧសភា​ ឆ្នាំ២០២២​ នេះ។

ក្នុងឱកាសនោះ​ ឯកឧត្ដម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ បានមានប្រសាសន៍ថា​ ដោយបានរម្លឹកនូវមហាវិនាសកម្មប្រល័យពូជសាសន៍៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែល​​កម្ពុជាទាំងមូលទទួលរងនូវការបំផ្លាញគ្រប់វិស័យ ហេដ្ឋារចនា​ស​ម្ព័​ន្ធ ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ ធនធានមនុស្ស វត្តអារាម និងសាសនាផ្សេងៗទៀត​ ជាសមុទ្រឈាម​-ភ្នំឆ្អឹង។ រហូតក្រោយថ្ងៃរំដោះ៧ មករា ​១៩៧៩ ប្រជាពលរដ្ឋត្រូវបានសង្រ្គោះឱ្យរស់រានមានជីវិតជួបជុំគ្រួសារ ។

ក្នុងឱកាសនោះ​ដែរ​ ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ បានមានប្រសាសន៍បន្តទៀតថា​ ក្រោមនយោបាយឈ្នះឈ្នះដឹកនាំដោយសម្តេចតេជោ​ កម្ពុជាចាប់ផ្តើមស្តារ និងកសាង​ជា​ថ្មី​ឡើងវិញដោយចាប់ផ្តើមពីចំណុចសូន្យ ឬបាតដៃទទេ រហូតទទួលបាននូវសន្តិភាព និងការអភិវឌ្ឍន៍ទាំងវិស័​យ​​សាសនា សង្គម វប្បធម៌​ សេដ្ឋកិច្ច សិទ្ធិ សេចក្តីថ្លៃថ្នូរ តម្រូវការមូល​ដ្ឋាន​របស់ប្រជាពលរដ្ឋត្រូវបានលើកតម្កើង និងអភិវឌ្ឍ​ ជាក់ស្តែងព្រះពុទ្ធសាសនាត្រូវបានចាត់ទុក​ជា​សាសនារបស់រដ្ឋ និងសុដុមនីយ៍កម្មសាសនា​ និងកម្ពុជាបានស្មើមុខមាត់​ ស្មើភាព និងស្មើសិទ្ធិរាល់កិច្ចការអន្តរជាតិ ពិសេសឆ្នាំ២០២២នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ និងជាប្រធាន​កិច្ច​ប្រជុំប្តូរវេននៃកិច្ចប្រជុំកំពូលអាស៊ាន និងជាម្ចាស់ផ្ទះរៀបចំ​ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣​ ហើយថ្ងៃទី១០​ ខែឧសភា​ ឆ្នាំ​២០២២​ សម្តេចតេជោ​បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំអាស៊ាន-អាមេរិក​ នៅសហរដ្ឋអាមេរិក។

ជាមួយគ្នានេះ​​ ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី​ កែ​ គឹមយ៉ាន​ បានថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធ​ និងប្រជាពលរដ្ឋទាំងអស់ក្រោមម្លប់សន្តិភាពចូលរួមកសាងមូលដ្ឋានខេត្តបន្ទាយមានជ័យបានរីកចម្រើន​ និងចូលរួមអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មា​នសុវត្ថិភាព​ ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់បន្តបន្ទាប់​រហូតកសាងបាននូវសុវត្ថិភាពសហគមន៍ពីបញ្ហាគ្រឿងញៀន​ និងអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់នៅថ្ងៃទី៥​ ខែមិថុនា​ ឆ្នាំ​២០២២ខាងមុខ​ឱ្យបានគ្រប់ៗគ្នា៕ ដោយ ៖ នាយកំសត់