បេឡារូស និងរុស្ស៊ីព្រមព្រៀងជំហានដំបូង ក្នុងការដាក់ពង្រាយប្រព័ន្ធមីស៊ីល Iskander និងប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ជាអចិន្ត្រៃយ៍

មីនស៍្ក ៖ ប្រធានាធិបតីបេឡារូសលោក អាឡិចសាន់ឌើ លូកាសិនកូ (Alexander Lukashenko) ក្នុងថ្ងៃអង្គារសប្តាហ៍នេះថ្លែងថា ប្រទេសរបស់លោក និងរុស្ស៊ីបានឈានដល់កិច្ចព្រមព្រៀងជំហានដំបូង ក្នុងការដាក់ពង្រាយប្រព័ន្ធមីស៊ីល Iskander និងប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ជាអចិន្ត្រៃយ៍ ខណៈបច្ចុប្បន្នវាត្រូវបានដាក់ពង្រាយរួចរាល់នៅលើទឹកដីបេឡារូស។

យោងតាមទីភ្នាក់ងារសារព័ត៌មាន BelTA បានរាយការណ៍ថា លោក លូកាសិនកូ ក៏បានប្រកាសផែនការផ្សេងទៀតដូចជាការបណ្តុះបណ្តាលយោធាបេឡារូសឱ្យធ្វើការជាមួយប្រព័ន្ធ S-400 និងការបញ្ជាទិញប្រព័ន្ធមីស៊ីល Iskander របស់រុស្ស៊ីផងដែរ។

លោកបន្តថា សព្វាវុធទាំងនេះអាចត្រូវបានប្រើប្រាស់សម្រាប់ការការពារជាតិ ក្នុងករណីមានជម្លោះជាមួយអង្គការណាតូ។ លោកបន្ថែមថា ទីក្រុងម៉ូស្គូ បានយល់ព្រមជួយទីក្រុងមីនស្ក៍ ផលិតមីស៊ីលស្រដៀងទៅនឹងប្រព័ន្ធមីស៊ីល Iskander ដែលរុស្ស៊ីបានប្រើនៅអ៊ុយក្រែន ហើយថាលោកចង់ឱ្យបេឡារូសបន្តប្រើប្រាស់ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 និង S-300 ដែលផលិតដោយរុស្ស៊ី។

ប្រធានាធិបតីបេឡារូសរូបនេះបានបញ្ជាក់ដូច្នេះថា យើងជាអ្នកប្រាកដនិយម… យើងយល់ថា យើងនឹងមិនអាចកម្ចាត់ណាតូបានទេ… ប៉ុន្តែយើងអាចបង្កការខូចខាត ជាពិសេសទៅដល់ទឹកដី ដែលយើងនឹងត្រូវវាយប្រហារ៕