ប្រមុខចារកម្មអាមេរិកព្រមានថា លោក វ្ល៉ាឌីមៀ ពូទីន ត្រៀមខ្លួនធ្វើសង្រ្គាមហួសពីអ៊ុយក្រែន

វ៉ាស៊ីនតោន ៖ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក លោកស្រី អាវ្រីល ហេននែស ក្នុងថ្ងៃអង្គារព្រមានថា ប្រធានាធិបតីរុស្ស៉ីលោក វ្ល៉ាឌីមៀ ពូទីន នឹងមិនបញ្ចប់សង្រ្គាមអ៊ុយក្រែន នៅត្រឹមតំបន់ដុនបាស់នោះទេ ដោយអាចនឹងសាងផ្លូវស្ពានមួយភ្ជាប់ទៅកាន់តំបន់ ត្រេនស្នីស្រ្ទីយ៉ា គ្រប់គ្រងដោយរុស្ស៉ីនៅម៉ុលដាវី។

ការអះអាងបែបនេះរបស់លោកស្រី អាវ្រីល ហេននែស បានកើតមានឡើងនៅក្នុងការផ្ដល់សក្ខីកម្មមួយក្នុងថ្ងៃអង្គារសប្ដាហ៍នេះ នៅចំពោះមុខគណៈកម្មាធិការសេវាអាវុធនៃព្រឹទ្ធសភាអាមេរិក។

លោកស្រី ហេននែស បន្ថែមថា ទីភ្នាក់ងារស៊ើបការណ៍អាមេរិកក៏កំពុងតាមដានផងដែរ អំពីលទ្ធភាពអាចទៅរួចដែលថា លោក ពូទីន អាចនឹងកែនកងទ័ពបន្ថែមនៅទូទាំងប្រទេសរុស្ស៉ី ក្នុងនោះរួមមានទាំងការដាក់ចេញច្បាប់អាជ្ញាសឹក និងការវាយកាត់ផ្ដាច់ការផ្ដល់ជំនួយរបស់លោកខាងលិចដល់អ៊ុយក្រែន។

ប្រមុខចារកម្មអាមេរិករូបនេះបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តរបស់លោក ពូទីន ក្នុងការដកកងទ័ពចេញពីការវាយកាន់កាប់ទីក្រុងកៀវ ហើយបញ្ជូនទៅកាន់តំបន់ដុនបាស់នាពេលកន្លងមក គឺជារឿងបណ្ដោះអាសន្នប៉ុណ្ណោះ ដោយកងទ័ពរុស្ស៉ីនៅតែចិញ្ចឹមចិត្តចង់គ្រប់គ្រងដែនដីទាំងអស់ ក្នុងតំបន់ឆ្នេរសមុទ្រខ្មៅ ដើម្បីធានាប្រភពធនធានទឹកសម្រាប់តំបន់គ្រីមៀ ដែលទីក្រុងម៉ូស្គូ ក្រសោបយកពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤៕