ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន អញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជន និងប្រជាពលរដ្ឋ ក្នុងស្រុកអូរជ្រៅ

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជន និងប្រជាពលរដ្ឋ ក្នងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្ដេចក្រឡាហោម ស ខេង សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ សម្តេចពិជ័យសេនា ទៀបាញ់ លោកជំទាវកិត្តិ សង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស ជូនចំពោះ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ជាសមាជិក សមាជិកាគណបក្ស លោកគ្រូ អ្នកគ្រូ បងប្អូនជនរួមជាតិក្នុងខេត្តបន្ទាយមានជ័យទាំងអស់ សូមប្រកបតែនឹងពរទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ក្នុងនាមប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលសម្តេចបានដឹកនាំប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នៅកម្ពុជាទទួលបានជោគជ័យ អបអរសាទរពីសហគមន៍ជាតិ និងអន្តរជាតិ តាមរយៈការបើកចំហ បេះដូង វប្បធម៌មនុស្សជាតិ ដល់សកលលោក និងយុទ្ធសាស្រ្តចាក់ស្រោចវ៉ាក់សាំងដល់ប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅកម្ពុជា ដោយមិនរើសអើងជាតិសាសន៍ សាសនា ពណ៌សំបុរ និងនិន្នាការនយោបាយ ដោយការពារសុខភាព និងសង្រ្គោះជីវិតប្រជាជន ព្រមទាំងបើកដំណើរការប្រទេសឡើងវិញក្រោយវិបត្តិកូវីដ-១៩។

ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តីបានលើកឡើងថា ក្នុងរបបប្រល័យពូជសាសន៍៣ឆ្នាំ៨ខែនិង២០ថ្ងៃ ប្រទេសកម្ពុជា បានបំផ្លាញទាំងស្រុង ប៉ុន្តែចាប់ពីថ្ងៃ៧ មករា ១៩៧៩ មក ប្រទេសកម្ពុជាបានចាប់ផ្តើមកសាង និងអភិវឌ្ឃជាបន្តបន្ទាប់លើគ្រប់វិស័យ។ ខឿនការពារជាតិ អធិបតេយ្យភាព ឯករាជ្យ បូរណភាពទឹកដីត្រូវបានការពារ និងថែរក្សា បានយ៉ាងគត់មត់ ដែលនាំមកនូវសុខសន្តិភាព ស្ថិរភាព សិទ្ធិ សេរីភាព និងការអភិវឌ្ឍ។ រាជរដ្ឋាភិបាលកម្ពុជាដែល មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានបន្តអភិវឌ្ឍវិស័យអាទិភាពទាំង៤គឺ មនុស្ស ផ្លូវ ភ្លើង និងទឹក និងវិស័យជាច្រើនទៀតដូចជា៖វិស័យសុខាភិបាល សង្គមកិច្ច កសិកម្ម​ អភិវឌ្ឍជនបទ ជាដើម និងបន្តសម្រេចចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ភោគផលនៃការអភិវឌ្ឍទាំអអស់នេះ គឺជាផ្លែផ្កានៃសន្តិភាព ស្ថិរភាពនយោបាយ ដែលកើតចេញពីនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ។ ហើយសម្រាបការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់អាណត្តី៥នេះ គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយនៃការអភិអភិវឌ្ឍន៍ឃុំ/សង្កាត់៥ឆ្នាំទៀត (២០២២-២០២៧) ក្នុងជំហរ ហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ដើម្បីបន្តអភិវឌ្ឍនូវសមិទ្ធិផលថ្មីៗទៀតដល់មូលដ្ឋានរបស់ប្រជាជន ដើម្បីបន្តពង្រឹងនូវសេវាសាធារណៈឲ្យកាន់តែមានភាពឆ្លើយតប គុណភាព និងល្អប្រសើរថែមទៀត រួមនឹងគម្រោងអភិវឌ្ឍសមិទ្ធិផលនានាជាច្រើនទៀត។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំឲ្យអាជ្ញាធរដែនដី ប្រជាពលរដ្ឋទាំងអស់បន្តចូលរួមថែរក្សាសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ បន្តផ្តល់សេវាសាធារណៈឲ្យកាន់តែល្អប្រសើរថែមទៀតនិងបន្តអភិវឌ្ឍមូលដ្ឋាន រួមគ្នាអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ខាងមុខនេះ និងបន្តរួមគ្នាទប់ស្កាត់ការជំងឺឆ្លងកូវីដ-១៩ នៅតាមសហគមន៍ ដោយការចាក់វ៉ាក់សាំង និងអនុវត្តវិធានសុខាភិបាល៕ នាយកំសត់