ផ្លូវលំមួយខ្សែប្រវែងជាង២០០ម៉ែត្រត្រូវបានព្រះសង្ឃរួមនិងពុទ្ធបរិសទ្ធ ចាក់ក្រាលថ្មមិចដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

ខេត្តស្វាយរៀង ៖ ផ្លូវលំមួយខ្សែប្រវែងជាង២០០ម៉ែត្រស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិតខេត្តស្វាយរៀងត្រូវបានព្រះសង្ឃរួមនិងពុទ្ធបរិសទ្ធជិតឆ្ងាយបានមូលមតិគ្នាជាឯកច្ឆន្ទធ្វើការឈូសឆាយពង្រាបដោយបានចាក់ថ្មម៉ិចនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋផង និងដើម្បីងាយស្រួលដល់ពុទ្ធបរិសទ្ធជិតឆ្ងាយងាយស្រួលបានទៅធ្វើបុណ្យធ្វើទានផងដែរ ។

ព្រះតេជគណ សាន្ត ភានិត ចៅអធិការវត្តពោធិ៍ថ្មី ហៅវត្តបាវិតបានមានសង្ឃដិកាឲ្យដឹងថា ដោយមើលឃើញនូវការលំបាកក្នុងការធ្វើដំណើរបស់ពុទ្ធបរិសទ្ទក៏ដូចជាប្រជាពលរដ្ឋទើបព្រះសង្ឃណលោកអាចារ្យគណៈកម្មាការវត្តបានមូលមតិគ្នាជាឯកច្ឆន្ទសុំការអនុញ្ញាតពីលោកចៅសង្កាត់បាវិត លោកអភិបាលក្រុងបាវិតដើម្បីធ្វើការឈូសឆាយពង្រីកផ្លូវលំមួយខ្សែនេះព្រមទាំងបានចាក់ថ្មមិចដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋហើយបច្ច័យសំរាប់ជួសជុលផ្លូវមួយខ្សែនេះឡើងវិញនោះគឺបានមកពីការចូលរួមរបស់សប្បុរសជននិងពុទ្ធបរិសទ្ធនានាជិតឆ្ងាយដើម្បីជាគុណប្រយោជន៍រួមរបស់យើងទាំងអស់គ្នា។ ក្រៅពីការជួសជុលស្ថាបនាផ្លូវមួយខ្សែនេះឡើងវិញ ហើយនោះព្រះអង្គរួមនិងលោកគ្រូអាចារ្យ គណៈកម្មាការវត្ត រួមនិងពុទ្ធបរិសទ្ធក៏បានកសាងនូវខ្លោងទ្វារ របងវត្តរួមនិងសមិទ្ធផលនានាជាច្រើនទៀតដើម្បីទុកជាសម្បត្តិរបស់វត្តសំរាប់ឲ្យបងប្អូនជាពុទ្ធបរិសទ្ធគោរពបូជាផងដែរ។

ព្រះអង្គបានមានសង្ឃដិកាបន្តទៀតថា ដោយឡែកសម្រាប់ការពង្រីកនិងការជួសជុលស្ថាបនាផ្លូវនាពេលនេះ ព្រះអង្គសុំបិណ្ឌបាត្រនិងការយោគយល់ពីប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវសូមជួយសម្រួលដល់សកម្មភាពក្នុងការជួសជុលស្ថាបនាឡើងវិញផងដែរ ហើយព្រះអង្គក៏បានថ្លែងអំណរគុណដល់សប្បរសជននានាទាំងអស់ដែលបានជួយឧបត្ថម្ភទាំងថវិកា និងសម្ភារក្នុងការជួសជុលស្ថាបនាឡើងវិញនៅផ្លូវមួយខ្សែនេះ ជាពិសេសការយោគយល់ពីពលរដ្ឋនូវផលប៉ះរបងផ្ទះរបស់ពួកគាត់ក្នុងការពង្រីកផ្លូវ ហើយក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាពុទ្ធបរិសទ្ធទាំងអស់គ្នានៅពេលបានផ្លូវល្អហើយនោះត្រូវចេះថែរក្សាឲ្យបានគង់វង្សយូអង្វែងសម្រាប់ប្រើប្រាស់ទៅថ្ងៃក្រោយ៕ ភក្តី