ចូ បៃដិន ៖ ការបាត់បង់ជីវិតពលរដ្ឋអាមេរិកដោយសារជំងឺកូវីដ-១៩ ជា “ព្រឹត្តិការណ៍សោកនាដកម្មមួយ”

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានពណ៌នាអំពីអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ថា ជា “ព្រឹត្តិការណ៍សោកនាដកម្មមួយ” ដើម្បីរំលឹកដល់អាយុជីវិតជនជាតិអាមេរិកមួយលាននាក់ដែលបានបាត់បង់ជីវិត ដែលនេះជាចំនួនខ្ពស់បំផុតនៅលើពិភពលោក។

បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន ដែលបានចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) លោក ចូ បៃដិន បានបញ្ជាក់យ៉ាងដូច្នេះថា ការបាត់បង់នីមួយៗគឺមិនអាចមានអ្វីជំនួសបាន ហើយថា ការចាកចេញនីមួយៗនៅពីក្រោយគ្រួសារ សហគមន៍ និងប្រទេសជាតិបានផ្លាស់ប្តូរជារៀងរហូតដោយសារតែជំងឺរាតត្បាតដ៏កាចសាហាវនេះ។ ទន្ទឹមនោះ លោក បៃដិន បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែង ដើម្បីធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើបាន សំដៅជួយសង្គ្រោះអាយុជីវិតមនុស្សឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដូចដែលយើងមានជាមួយនឹងការធ្វើតេស្ត ការចាក់វ៉ាក់សាំង និងការព្យាបាលច្រើនជាងពេលណាទាំងអស់។

សូមជម្រាបថា ទិន្នន័យចុងក្រោយបំផុតពីសាកលវិទ្យាល័យ Johns Hopkins បានបង្ហាញថា ចំនួនករណីឆ្លងជំងឺ COVID-19 សរុបដែលបានរាយការណ៍នៅទូទាំងសហរដ្ឋអាមេរិកបានកើនឡើងដល់ ៨២លាននាក់ ដែលជាចំនួនខ្ពស់បំផុតនៅលើពិភពលោក៕