យុទ្ធនាការអន្តរាគមន៍ជួសជុល បិទផ្ចិតតួទំនប់ និងចាក់បំពេញដីតួផ្លូវទំនប់ស្ទឹងព្រែកត្នោតសម្រេចដោយជោគជ័យតាមផែនការកំណត់

ភ្នំពេញ ៖ ក្រោមការដឹកនាំ និងបញ្ជាដោយផ្ទាល់ពីសំណាក់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម មានកិច្ចសហការល្អពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធចម្រុះ និងអាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ បានបន្តយុទ្ធនាការអន្តរាគមន៍បិទផ្ចិតទំនប់ ផ្លូវបន្ត នៃព្រឹត្តិការណ៍ទឹកជំនន់ស្ទឹងព្រែកត្នោត។

នៅត្រង់សំណង់ទ្វារទឹកចាស់ដែលគេបានលប់ជាច្រើនឆ្នាំមកហើយកសាងឡើងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ស្ថិតភូមិកន្ទុយទឹក លើសណ្តរស្ទឹងព្រែកត្នោត ត្រូវបានក្រុមការងារខិតខំជួសជុលយ៉ាងសកម្ម បានបិទផ្ចិតតួទំនប់តាំងពីថ្ងៃម្សិលមិញទី២៨ ខែតុលា ឆ្នាំ២០២១ និងបានចាក់បំពេញដីតួផ្លូវទំនប់សម្រេចដោយជោគជ័យតាមផែនការកំណត់នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ ។

ពេលនេះក្រុមការងារក្រសួងធនធានទឹក និងឧតុនិយមកំពុងបន្តជួសជុលកែលម្អផ្លូវបន្ថែម ដើម្បីបើកបម្រើដល់ការធ្វើចរាចរណ៍ជាប្រក្រតីភាពឡើងវិញ ទុកជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកន្ទុយទឹក ភូមិក្រាំង និងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលសកម្មភាពការងារនឹងបញ្ចប់រួចរាល់នៅល្ងាចថ្ងៃនេះ។

ទន្ទឹមនេះ ជំនន់ទឹកស្ទឹងព្រែកត្នោតក្នុងឆ្នាំ២០២១នេះ ត្រូវបានបញ្ចប់ជាស្ថាពរនៅវេលាម៉ោង ១៤ ៖ ០០ រសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ។

ចំពោះស្ថានភាពនៃជំនន់ទឹកស្ទឹងព្រែកត្នោត មានដូចខាងក្រោម ៖

-នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ជំនន់ចាប់គំរាមកំហែងខ្លាំង

-នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ជំនន់ឡើងដល់ចំណុចកំពូល កម្ពស់អតិបរមា ៦,៥៨ម៉ែត្រ (កម្ពស់ហានិភ័យ ៥,១០ម៉ែត្រ)

-នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ទឹកចាប់ផ្តើមស្រកចុះ

-នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ វេលាម៉ោង១៤:០០នាទីរសៀល កម្ពស់ទឹកស្ទឹងព្រែកត្នោតមានត្រឹម ៥,០៨ម៉ែត្រ បានឆ្លងផុតនូវហានិភ័យជាស្ថាពរ ៕