កូរ៉េខាងត្បូងថា នឹងជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ឱ្យអស់ពីសមត្ថភាព

សេអ៊ូល ៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក យ៉ូន សុកយ៉ុល បានបញ្ជាក់ជាថ្មីម្តងទៀតថា ប្រទេសរបស់លោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជួយកូរ៉េខាងជើង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ហើយនៅតែបន្តបើកចំហទ្វារជំនួយមនុស្សធម៌សម្រាប់ទីក្រុងព្យុងយ៉ាង។

លោក យ៉ូន សុកយ៉ុល បានធ្វើការកត់សម្គាល់ខាងលើនៅក្នុងសុន្ទរកថាមួយ នៅឯសម័យប្រជុំសភាពេញអង្គ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ។ លោក យ៉ូន បានគូសបញ្ជាក់ដូច្នេះថា ប្រសិនបើកូរ៉េខាងជើងស្នើឱ្យសុំជំនួយពីពួកយើង… យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការផ្ដល់ថ្នាំពេទ្យ ក្នុងនោះរួមមានទាំងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩, បរិក្ខារពេទ្យ និងបុគ្គលិកសុខាភិបាលផងដែរ។

កូរ៉េខាងជើងបានទទួលស្គាល់ពីការផ្ទុះរាលដាលជំងឺកូវីដ១៩ជាលើកដំបូងបំផុតនៅក្នុងប្រទេសរបស់ខ្លួនកាលពីសប្ដាហ៍មុន ហើយក្រុមអ្នកជំនាញជាច្រើនបារម្ភថា ស្ថានភាពឆ្លងអាចនឹងមានសភាពកាន់តៃធ្ងន់ធ្ងរ ដោយសារតែប្រទេសនេះមិនមានបរិក្ខារវេជ្ជសាស្ត្រគ្រប់គ្រាន់ និងត្រូវបានគេរាយការណ៍ថា មិនមានកម្មវិធីចាក់វ៉ាក់សាំងបង្ការដល់ប្រជាជនរបស់ខ្លួននោះទេ៕