ទីតាំងជល់មាន់របស់ឧកញ៉ាម្នាក់នៅស្រុកស្រែអំបិល ខេត្តកោះកុង ចាប់ដំណើការហើយ

ខេត្តកោះកុង ៖ មានសេចក្តីរាយការណ៍បានឲ្យដឹងថា ទីតាំងជល់មាន់ អាប៉ោងដ៏ធំស្កឹមស្កៃក្នុងដីឡូត៍ក្បែរជើងភ្នំមួយកន្លែង ស្ថិតក្នុងភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលប្រភពខ្សឹបថា ជារបស់ឧកញ៉ាម្នាក់ (សូមលាក់ឈ្មោះសិន) បានចាប់ផ្តើមដំណើរការហើយ។

សេចក្តីរាយការណ៍បានបន្តឲ្យដឹងថា ទីតាំងជល់មាន់ខាងលើនេះចាប់ផ្តើមដំណើរការកាលពីថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២  ដោយធ្វើការប្រកួតភ្នាល់ដាក់លុយស៊ីសងចាញ់ឈ្នះលក្ខណៈទ្រង់ទ្រាយធំៗមិនចាញ់កាស៊ីណូឡើយ ពិសសេស គឺបើកទទួលស្វាគមន៍ដល់ភ្ញៀវមកពីជិតឆ្ងាយជារៀងរាល់ថ្ងៃចាប់ពីម៉ោង១០ ៖ ០០ព្រឹករហូតទល់យប់តែម្តង។

ទោះយ៉ាងណានេះគ្រាន់ជាប្រភពដែលអង្គភាពព័ត៌មាន “ភ្នំពេញដេលី” Phnom Penh Daily Media (www ppd-newd.net) ទទួលបាននៅមុននេះបន្តិច ដើម្បីរាយការណ៍ជូនដល់លោកវរសេនីយ៍ឯក ហួន នុន អធិការនគរបាលស្រុកស្រែអំបិល និងលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្ត ពិសេសលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដើម្បីស្រាវជ្រាវ និងមានវិធានការចុះបង្ក្រាប អនុវត្តតាមគោលការណ៍៩ចំណុច ភូមិ-ឃុំមានសុវត្ថិភាព។

បើតាមសេចក្តីរាយការណ៍ចុងក្រោយបានឲ្យដឹងថា ទីតាំងល្បែងជល់មាន់ បៀ អាប៉ោងខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ចុះបង្ក្រាបកាលពីល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ និងប្រមូលបាននូវវត្ថុតាងមួយចំនួន៕ ដោយ ៖ សហការី