
តុងហ្គារាយការណ៍ករណីឆ្លងកូវីដដំបូង ក្រោយគេចផុតអស់រយៈពេល២-៣ឆ្នាំមកនេះ
នូគូអាឡូហ្វា ៖ ប្រទេសតុងហ្គាកាលពីថ្ងៃសុក្របានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ជាលើកដំបូងរបស់ខ្លួន ដោយរកឃើញលើអ្នកដំណើរតាមជើងយន្តហោះមកពីប្រទេសនូវែលសេឡង់ ក្រោយគេចផុតអស់រយៈពេល ២-៣ ឆ្នាំមកនេះ។
កោះនៅមហាសមុទ្រប៉ាស៊ីហ្វិកមួយនេះ ស្ថិតក្នុងចំណោមប្រទេសមួយចំនួនដែលបានគេចផុតពីផលប៉ះពាល់ និងការឆ្លងនៃជំងឺរាតត្បាតកូវីដ១៩ នេះ ដោយសារតែការបិទច្រកព្រំដែនចំពោះអ្នកដំណើរមកពីក្រៅប្រទេសស្ទើរតែទាំងអស់។
ក្នុងករណីបើមានការឆ្លងមែននោះ ប្រព័ន្ធសុខាភិបាលក្រោមធនធានរបស់ប្រទេសនេះ នឹងត្រូវបានគេរំពឹងថា មិនអាចដោះស្រាយបាននោះទេ។ដោយឡែក មកដល់ពេលនេះក្រុមមន្ត្រីរបស់ប្រទេសតុងហ្គា កំពុងសម្រេចថាតើត្រូវចាត់វិធានការបែបណា ដើម្បីបញ្ឈប់ការឆ្លងរីករាលដាលដែលអាចកើតមាននៅក្នុងប្រទេសនេះ។
នាយករដ្ឋមន្ត្រីតុងហ្គាលោក Pohiva Tu’i’onetoa បានឲ្យដឹងថា អ្នកមានផ្ទុកកូវីដគឺស្ថិតក្នុងចំណោមអ្នកដំណើរចំនួន ២១៥ នាក់ដែលបានមកដល់តាមជើងហោះហើរពីទីក្រុង Christchurch នៃប្រទេសនូវែលសេឡង់។ អ្នកធ្វើដំណើរត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយ ហើយមកទល់ពេលនេះមិនទាន់មានព័ត៌មានលម្អិតផ្សេងទៀតអំពីអ្នកឆ្លងទាំងអស់នោះនៅឡើយទេ៕