សម្តេចក្រឡាហោម ស ខេង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន នៅគេហដ្ឋាន ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដំណើរដោយថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល នៅគេហដ្ឋានសព ស្ថិតភូមិខលេខ៧២ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

អញ្ជើញអមដំណើរក្នុងពិធីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន នាឱកាសនេះដែររួមមាន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ទីប្រឹក្សាក្រសួងមហាផ្ទៃ ប្រធានអង្គភាពនានាចំណុះអោយក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់រាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារមួយចំនួនទៀតផងដែរ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ធមន្រ្តីក្រសួងមហាផ្ទៃ បានសម្តែងការសោកស្តាយជាទីបំផុតជាមួយក្រុមគ្រួសារនៃសពចំពោះមរណភាពរបស់ ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន នាពេលនេះ។ មរណភាព ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន មិនត្រឹមជាការបាត់បង់លោកឪពុក លោកឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់យ៉ាងខ្លាំងបំផុតនោះទេ តែជាការបាត់បង់នូវ ធនធានមនុស្សដ៏គំរូមួយរូប ជាឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ធនធាន និងបញ្ញាស្មារតី ក្នុងការបម្រើប្រទេសជាតិ មាតុភូមិ ដោយពុំខ្លាចនឿយហត់ជារៀងរហូតមក៕