សាលារាជធានីភ្នំពេញ ប្រារព្ធទិវាចងចាំ ២០ឧសភា នៅសារមន្ទីរបឹងជើងឯក 

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២នេះ សាលារាជធានីភ្នំពេញ បានប្រារព្ធទិវាចងចាំ ២០ឧសភា នៅសារមន្ទីរបឹងជើងឯង ស្ថិតនៅក្នុង ភូមិរលួស សង្កាត់ ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាអតីតកន្លែងមួយបញ្ចុះសពពលរដ្ឋដែលស្លាប់ដោយរបបប្រល័យពូជសាសន៍ប៉ុលពត។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ នៃព្រឹទ្ធសភា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋជាច្រើននៅរាជធានីភ្នំពេញ។

ទិវាជាតិនៃការចងចាំ ២០ឧសភា ជាកម្មវិធីរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ -៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។

ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ទិវាជាតិនៃការចងចាំ២០ឧសភា ត្រូវបានសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជាកំណត់រៀបចំឡើងនៅឆ្នាំ១៩៨៣ ដោយហៅថា «ទិវាចងកំហឹង» ដើម្បីជាការចងកំហឹងទៅនឹងរបបខ្មែរក្រហមដែលបានកាប់សម្លាប់ ប្រជាពលរដ្ឋខ្មែរ។ ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើត របស់សហកររបស់របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ហើយបានបន្តសង្គ្រាមរហូតឈានដល់ការគ្រប់គ្រងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥៕