ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្តល់អំណោយជូនប្រជាពលរដ្ឋចំនួន៥៧គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មេីរជេីងលេខ៥១ បាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ផ្តល់ជូនដល់និវត្តជន និងគ្រួសារកងទ័ព ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែគិតគូ ដល់សុខទុក្ខនិវត្តជន និងគ្រួសារកងទ័ពដែលជួបការលំបាក ជាពិសេសលោក ហ៊ុន ម៉ាណែត និងលោកស្រី ជានិច្ចកាលបានផ្តល់អំណោយ ជាគ្រឿងឧបភោគបរិភោក និងថវិកា ជួយសម្រួលការលំបាក។

ជាក់ស្តែងនៅថ្ងៃនេះនិវត្តជន និងគ្រួសារកងទ័ព ចំនួន៥៧គ្រួសារ ទទួលបានអំណោយ ក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគបរិភោគចំនួន៨មុខ និងថវិកាមួយចំនួន។

នាឱកាសនោះដែរ និវត្តជន និងគ្រួសារកងទ័ពទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោក ហ៊ុន ម៉ាណែត និងលោកស្រី សូមមានសុខភាពល្អទទួលជោគជ័យគ្រប់ភារកិច្ច ជូនជាតិមាតុភូមិនិងប្រជាជន និងសូមគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនជារៀងនិរន្តតទៅ៕ នាយកំសត់