ឧបទ្ទវហេតុដាច់ខ្សែកាបជណ្តើយន្តក្នុងការដ្ឋានសំណង់មួយកន្លែងបណ្តាលឲ្យកម្មករ៤នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់

ខេត្តព្រះសីហនុ ៖ កម្មករសំណង់ចំនួន០៣នាក់បានស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយម្នាក់ទៀតរងរបួសធ្ងន់ ខណៈពួកគេគ្រោះថ្នាក់ដាច់ខ្សែកាបជណ្តើយន្ត (ជណ្ដើរបណ្ដោះអាសន្ន) ក្នុងការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅភូមិ២ សង្កាត់៣ ក្រុង.ខេត្តព្រះសីហនុនៅវេលាម៉ោងប្រមាណ០៧ និង៣០នាទី ព្រឹកថ្ងៃទី២០ ខែ ឧសភា ឆ្នាំ ២០២២។

ទាក់ទិននឹងករណីខាងលើនេះ បើតាមសាច់ញាតិគ្រួសារជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុខពេលកើតហេតុ ជនរងគ្រោះចំនួន០៥នាក់ ក្នុងនោះស្រីម្នាក់ បានឡើងជិះជណ្តើយន្ត (ជណ្តើយន្តសំរាប់ លើដាក់ សម្ភារឡើងអគារ) ក្នុងគោលដៅឡើងទៅបំពេញការងារនៅជាន់ខាងលើ លុះជិះដល់ជាន់ទី១៥ ក៏ស្រាប់តែខ្សែកាបនៃជណ្តើយន្តនោះបានដាច់ ហើយធ្លាក់មកក្រោមយ៉ាងពេញទំហឹង។

ជុំវិញករណីដាក់ខ្សែកាប់នៃអគារខាងលើនេះ សមត្ថកិច្ចជំនាញនៃស្នងកាដ្ឋាននគបាលខេត្ត រួមនិង ជំនាញកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត កំពុងធ្វើការពិនិត្យចំណុចខ្សែកាបដែលដាច់។ ដោយសមត្ថកិច្ច មិនទាន់ធ្វើការបញ្ជាក់ឲ្យបានច្បាស់លាស់នៅឡើយទេ ពីមូលហេតុដាច់ខ្សែកាបនេះ។

ជនរងគ្រោះទី១.ឈ្មោះ វល្លិ៍ ភេទប្រុស អាយុ៥៣ឆ្មាំ មានស្រុកកំណើតភូមិ៣ សង្កាត់លេខ៣ ខណ្ឌមិត្តភាព ខេត្តព្រះសីហនុ (ស្លាប់) ។ ទី២.ឈ្មោះ នូ ស៊ីនួន ភេទប្រុស អាយុ៣៣ឆ្នាំ មានស្រុកកំណើត ភូមិ៣ សង្កាត់លេខ៣ ខណ្ឌមិត្តភាព ខេត្តព្រះសីហនុ (ស្លាប់) ។ ទី៣.ឈ្មោះ រ៉ាន ភាស់ ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកំណើតភូមិគោកមន ឃុំគោកមន ស្រុកអំពិល ខេត្តឧត្តមានជ័យ (ស្លាប់) និង ទី៤.ឈ្មោះ សយ ម៉ាលីស ភេទស្រី អាយុ៣៨ឆ្នាំ មានស្រុកកំណើតភូមិព្រៃផ្គាំ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ បានស្លាប់ ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ។ ចំណែកទី៥ រងរបួសធ្ងន់ ឈ្មោះ ហេង សីហា អាយុ២៨ឆ្មាំ មានស្រុកកំណើតខេត្តកំពង់ឆ្នាំង សង្គ្រោះនៅមន្ទីរពេទ្យ ។

បច្ចុប្បន្នសាកសពបានរក្សាទុកបណ្ដោះអាសន្ននៅសាលតម្កល់សពមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីធ្វើនីតិវិធីបន្តទៀត ។

គួរបញ្ជាក់ផងដែរថា អគារខាងលើនេះមានកម្ពស់ ២១ជាន់ បានចាប់ផ្តើមសាងសង់ ជាច្រើនឆ្នាំមក ហើយ ប៉ុន្តែក្រោយមក ក៏បានផ្អាកធ្វើការសាងសង់ជាបណ្តោះអាសន្ន (ដោយសារជំងឺកូវិដ-១៩ )។ ហើយថ្មីៗ  អគារនេះក៏បានចាប់ផ្តើមសាងសង់វិញ ប៉ុន្តែជាអកុសលការចាប់ផ្តើមមិនទាន់បានប៉ុន្មានថ្ងៃផងក៏ស្រាប់កើតមាន បញ្ហាធំបែបនេះតែម្តងទៅ។ ហើយគ្រោះថ្នាក់នេះ ត្រូវបានគេអះអាងថា អាចបណ្តាលមកពីខ្សែកាបទុកចោល យូរពេក (ខ្សែកាប់ច្រេះពុកផុយ) និងមិនបានពិនិត្យឲ្យច្បាប់លាស់មុននិងប្រើប្រាស់ ទើបបណ្តាលឲ្យកើតមានបញ្ហា៕ សុភាព