
សាលី អ៊ូមើត ដណ្ដើមបានលេខ១ ក្នុងការប្រកួត Jet Ski Pro Tour 2021 ជុំទី១ នៅថៃ
ភ្នំពេញ ៖ កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា សាលី អ៊ូមើត បានទទួលចំណាត់ថ្នាក់លេខ១ ក្នុងព្រឹត្តិការណ៍ ប្រណាំង ម៉ូតូទឹក ពាន រង្វាន់ អន្ដរជាតិ Jet Ski Pro Tour 2021 ជុំទី១ ក្រោយ ឆ្លង កាត់ ការប្រ កួត ដ៏ ស្វិត ស្វាញរយៈពេល ២ថ្ងៃ នៅថ្ងៃទី៣០-៣១ ខែតុលានេះ នៅ ប្រទេសថៃ។
ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ ខាងលើ បានឲ្យដឹងថា ការ ប្រ កួត ម៉ូតូទឹកអន្ដរជាតិនេះ មាន ៥ប្រទេសចូលរួម រួមមានកម្ពុជា ឡាវ អា មេរិក អាល្លឺម៉ង់ និងម្ចាស់ផ្ទះថៃ ក្នុង នោះ មាន កីឡាករម៉ូតូទឹក ជម្រើស ជាតិកម្ពុជា ៥រូប ដូចជា ម៉ីន មូស្ដាន, ម៉ីន អូស្មាន, កៃ វ៉ាន់ស៊ីដែន, សាលី ហ្វីលីន និង សាលី អ៊ូមើត ផ្ទាល់។ សាលី អ៊ូមើត បន្ដថា ខ្លួន និង ម៉ីន មូស្ដាន បានប្រកួតវិញ្ញាសា Pro Am Ski Modified ខណៈលទ្ធផល អ៊ូមើត ដណ្ដើមបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមកីឡាករ ៨នាក់ គ្រាដែលប្អូនជីដូនមួយរបស់ខ្លួន មូស្ដាន ទទួលបានលេខ៦ បន្ទាប់ពីរូបគេជួបបញ្ហាប៉ះទង្គិចជាមួយគូប្រជែង ក្នុង ការប្រកួតជុំទី៣។ រីឯកីឡាករវ័យក្មេង ៣រូបផ្សេងទៀត ទទួល បានត្រឹម ចំ ណាត់ថ្នាក់លេខ៦ និងលេខ៧ ប៉ុណ្ណោះ។
តាមការបញ្ជាក់របស់កីឡាករម៉ូតូទឹកឆ្នើមកម្ពុជាដដែល ព្រឹត្តិការណ៍ Jet Ski Pro Tour 2021 បែងចែកការប្រកួតជា ៤ដំណាក់កាល ឬ ៤ជុំធំៗ ដោយ ជុំទី១ ទើបបញ្ចប់ការប្រកួត កាលពីល្ងាចមិញ ខណៈជុំទី២ គ្រោង ប្រ កួត នាថ្ងៃទី២០-២១ ខែវិច្ឆិកា ខាងមុខ នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ គ្រា ដែល ជុំទី៣ និងជុំទី៤ គណៈកម្មការរៀបចំការប្រកួត នៅ មិនទាន់ កំណត់ កាលបរិច្ឆេទប្រកួតនោះទេ ៕ CAMSOC