ផ្ទុះ​ការតវ៉ា​ប្រឆាំងនឹង​ដំណើរ​ទស្សនកិច្ច​រយៈពេល៣ថ្ងៃ​របស់លោក Biden នៅ​ជប៉ុន​

តូ​ក្យូ​ ៖ ប្រជាជន​ជប៉ុន​រាប់រយ​នាក់ បាន​ប្រមូល​ផ្តុំគ្នា​នៅ​សួន Shiba ក្នុង​ទីក្រុង​តូ​ក្យូ កាលពី​ថ្ងៃអាទិត្យ ដើម្បី​តវ៉ា​ប្រឆាំងនឹង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣ ថ្ងៃ​របស់​ប្រធានាធិបតី​អាមេរិក​លោក Joe Biden នៅ​ប្រទេស​ជប៉ុន ខណដែល​ភាព​តានតឹង​អន្តរជាតិ កំពុង​កើនឡើង​ខ្ពស់​ជុំវិញ​ជម្លោះ​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​សារព័ត៌មាន ALJAZEERA ។​

បាតុករ​ម្នាក់​ឈ្មោះ Ota បាន​និយាយថា បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាងលិច និង​សមាជិក​ណា​តូ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​បាន​កំពុង​ធ្វើ​ឲ្យ​ជម្លោះ​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន កាន់តែ​ក្ដៅគគុក តាមរយៈ​ការផ្តល់​ការផ្គត់ផ្គង់​យោធា​សម្រាប់​ទីក្រុង​គៀវ និង​ការដាក់ទណ្ឌកម្ម​លើ​ទីក្រុង មូ​ស្គូ​។

បាតុករ​ដដែល បន្តថា ទង្វើ​ទាំងអស់នេះ​នឹង​មិនអាច​បញ្ឈប់​ជម្លោះ​នោះបានទេ ផ្ទុយទៅវិញ​នឹងធ្វើ​ឲ្យ​វា​កាន់តែខ្លាំង និង​អូសបន្លាយ​យូរ​ទៀត ដោយ​បន្ថែមថា ខ្ញុំ​មិនអាច​អត់​ទោស​ចំពោះ​ទង្វើ​បែបនេះ​បានទេ​។​

ដោយឡែក លោក Shunkichi Takayama មេធាវី​ម្នាក់ បាន​និយាយថា មូលហេតុ​ដើមចម​ទាំងអស់​នៃ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន គឺ​ដោយសារ​សហរដ្ឋអាមេរិក​។​ លោក Takayama បញ្ជាក់ថា តាម​ទស្សនៈ​ប្រវត្តិសាស្ត្រ វា​គឺជា​ការពង្រីក​ទៅ​ទិសខាងកើត ដែល​រីកចម្រើន​ដោយ​សហរដ្ឋអាមេរិក និង​អង្គការ​ណា​តូ ដែល​បានធ្វើ​ឱ្យមាន​ការតស៊ូរ​បស់​រុស្ស៊ី​។​

គួរ​បញ្ជាក់ថា លោក​ប្រធានាធិបតី Biden គ្រោង​នឹងចូលរួម​កិច្ចប្រជុំ​កំពូល នៅ​ថ្ងៃ​អង្គារ ជាមួយនឹង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida, នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi, និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Anthony Albanese ដើម្បី​លើកកម្ពស់​យន្តការ “Quad” ៕