ព្រឹកនេះ សាលារៀនទាំងរដ្ឋ និងឯកជនគ្រប់កម្រិត ចាប់ផ្តើមដំណើរការសិក្សាក្នុងថ្នាក់ឡើងវិញ

ភ្នំពេញ ៖ សាលារៀនគ្រប់កម្រិតទាំងអស់ ទាំងសាលារដ្ឋ និងឯកជនទូទាំងប្រទេស នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចាប់ផ្តើមបើកដំណើរការសិក្សាក្នុងថ្នាក់រៀនឡើងវិញដោយអនុវត្តតាមវិធានការក្រសួងសុខាភិបាល។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា បើទោះបីជាមានការអនុញ្ញាតឲ្យបើកដំណើរការ ការបង្រៀន និងរៀនក្នុងថ្នាក់ឡើងវិញនៅក្តី ប៉ុន្តែវិធានសុខភាពត្រូវបានប្រកាន់ភ្ជាប់ និងអនុវត្តន៍ឲ្យម៉ឺងម៉ាត់ នៅតាមសាលារៀនទាំងអស់។

លោកបន្តថា ការរៀន និងបង្រៀនត្រូវបន្តអនុវត្តតាមបែបចម្រុះ គឺរៀនក្នុងថ្នាក់ផង រៀនតាមអនឡាញផង អមដោយសន្លឹកកិច្ចការជំនួយ ដោយកំណត់សិស្សពី ១៥ ទៅ ២០ នាក់ក្នុងមួយថ្នាក់ និងរៀនឆ្លាស់វេនគ្នា។ លោកបញ្ជាក់ថា ការសម្រេចពង្រីកវិសាលភាពបើកដំណើរការបង្រៀន និងរៀន តាមបណ្ដុំ (ក្នុងថ្នាក់) សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន និងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ធ្វើឡើងយោងលើលទ្ធផល អាចទទួលយកបាន នៃការបើកដំណើរការសាលារៀនសាកល្បងកន្លងមក៕