សម្តេចតេជោ ហ៊ុន សែន បង្ហោះរូបយុវជនដែលជិះកង់ចាស់ចូលរួមដង្ហែក្បូនគណបក្សប្រជាជនកម្ពុជា ជាមួយការពោលពាក្យបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ បានបង្ហោះរូប៣សន្លឹកដែលគួរឲ្យចាប់អារម្មណ៍ តាមបណ្តាញសង្គមហ្វេសប៊ុក ពីយុវជនមួយរូបជិះកង់បង្ហាញទឹកមុខញញឹមចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត ជាការគាំទ្រដល់គណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោបានបញ្ជាក់ក្នុងខ្លឹមសារទាំងស្រុងថា :«កូនប្រុសទោះកូនក្រទ្រព្យសម្បត្តិតែទឹកចិត្តកូនមិនក្រទេ។ទឹកមុខកូនពោរពេញដោយស្នាមញញឹមបង្ហាញថាគណបក្សប្រជាជនជារបស់ប្រជាជនហើយក៍ជារបស់កូនដែរដែលកូនត្រូវចូលរួមការពារដើម្បីបុព្វហេតុសន្តិភាពនិងការអភិវឌ្ឍ»។

សូមជម្រាបថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២នេះ។ ការឃោសនានេះ មានរយៈពេល២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស បានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនេះ យ៉ាងច្រើនកុះករ បង្ហាញឲ្យពីសាមគ្គីភាព យ៉ាងរឹងមាំ៕