
សាលារៀនគ្រប់កម្រិតទាំងរដ្ឋ និងឯកជនទូទាំងខេត្តបន្ទាយមានជ័យបើកដំណើរការឡើងវិញ
ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ សាលារៀនគ្រប់កម្រិតទាំងអស់ទូទាំងខេតបន្ទាយមានជ័យបើកឲ្យដំណើរការបង្រៀនសិស្សឡើងវិញតាមការគ្រោងទុក ក្នុងនោះមានសាលាសាធារណៈ និងឯកជនមានចំនួន ៥១២ លើ៥១២ រួមមាន ៖ សាលាឯកជន៥២/៥២ នៃសាលា/កន្លែង។ ចំណែកសាលារៀននៅតំបន់ហានិភ័យខ្ពស់ចំណុចខ្លះនៃស្រុកទាំង៧ និងនៅទូទាំងក្រុងសិរីសោភ័ណ នៅមិនទាន់បើកដំណើរការនៅឡើយនោះទេ។
លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ពេលដែលបើកសាលារៀនឡើងវិញនោះ មន្ទីរអប់រំ និងរដ្ឋបាលខេត្ត ពិសេសសាលារៀននីមួយៗត្រូវអនុវត្តផែនការនេះឲ្យបានសម្រេច។ លោកបានបញ្ជាក់ឲ្យដឹងថា ការបើកដំណើរការសាលារៀនឡើងវិញគ្រប់កម្រិតនេះបន្ទាប់ពីក្រសួងអប់រំបានធ្វើការវាយតម្លៃលើដំណើរការបង្រៀន និងរៀនតាមបណ្តុះសម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្រដែលមានហានិភ័យទាបប្រមាណ៣០ភាគរយ ប្រកបដោយសុវត្ថិភាព និងប្រុងប្រយ័ត្ន។
ការបើកដំណើរការបង្រៀនឡើងវិញគ្រប់សាលាគ្រប់កម្រិតដោយកំណត់១ថ្នាក់ មាន ១៥ ទៅ ២០នាក់ និងផ្លាស់វេនគ្នា និងបន្តអនុវត្តនូវគម្លាតសុវត្តិភាព និងវិធានការសុខាភិបាលចាំបាច់នានាចំពោះភូមិសាស្ត្រណាមានហានិភ័យទាប។ ចំពោះភូមិសាស្ត្រដែលមានហានិភ័យមធ្យម និងខ្ពស់ផ្តល់អាទិភាពទៅលើសិស្សថ្នាក់ទី៩ និងទី១២ ហើយកម្រិតថ្នាក់ផ្សេងទៀតនៅមធ្យមសិក្សា និងបឋមសិក្សា ឱ្យរៀននៅតាមសាលារៀន៕ ដោយ ៖ នាយកំសត់