
អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki ឆ្លងជំងឺកូវីដ-១៩
វ៉ាស៊ីនតោន ៖ មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកឆ្លើយឆ្លងព័ត៌មាន ប្រចាំសេតវិមានទីក្រុងវ៉ាស៊ីនតោន លោកស្រី Jen Psaki បានធ្វើតេស្ត វិជ្ជមាន ចំពោះជំងឺ COVID-19 នៅថ្ងៃអាទិត្យ ទី៣១ ខែតុលា ហើយលោកស្រីត្រូវបានគេដឹងថា បានជួបលោកប្រធានាធិបតី ចូ បៃដិន លើកចុងក្រោយកាលពីថ្ងៃអង្គារ ទី២៦ ខែតុលា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នាព្រឹកថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។
ចំណែកលោក ចូ បៃដិន ក្រោយប្រជុំG20 ក៏បន្តធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ Cop26 នៅទីក្រុង Glasgow ប្រទេសស្កុតឡេន បន្តទៀត។ ប៉ុន្តែនៅ ក្នុងសេចក្តីប្រកាសរបស់លោកស្រី Psaki បាននិយាយថា លោកស្រីបានជួបលោក ចូ បៃដិន កាលពីថ្ងៃពុធ តែអង្គុយឆ្ងាយពីគ្នាប្រហែល១.៨២ ម៉ែត្រ ហើយបានពាក់ម៉ាស់ដូចគ្នាផងដែរ។
បើទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃសៅរ៍ លោក ចូ បៃដិន បានធ្វើតេស្តអវិជ្ជមានចំពោះមេរោគនេះ។
លោកស្រី Jen Psaki បានលើកឡើងយ៉ាងដូច្នេះថា «ការបង្ហាញលទ្ធផលតេស្តវិជ្ជមាន (ចំពោះកូវីដ-១៩) របស់ខ្ញុំនៅថ្ងៃនេះ គឺជាការបញ្ជាក់នូវតម្លាភាពដ៏ធំធេងមួយ»។ លោកស្រី និងមន្ត្រីមួយចំនួនទៀត មិនបានរួមដំណើរជាមួយលោក ចូ បៃដិន ទៅចូលរួមកិច្ចប្រជុំ G20 និង COP26 នៅតំបន់អឺរ៉ុបនោះទេ ដោយសារមុនចេញដំណើរ សមាជិកម្នាក់នៅក្នុងក្រុមរបស់លោកស្រី បានធ្វើតេស្តវិជ្ជមានចំពោះ COVID-19 ហើយបន្ទាប់ពីការធ្វើចត្តាឡីស័កចាប់តាំងពីថ្ងៃពុធ លោកស្រីត្រូវបានធ្វើតេស្តចេញលទ្ធផល «វិជ្ជមាន» នៅថ្ងៃអាទិត្យ៕