ករណីឆ្លងជំងឺអុតស្វា នៅទូទាំងពិភពលោក កើនដល់ច្រើនជាង ២០០ករណី

បរទេស ៖ ចំនួនករណីឆ្លងនៃជំងឺអុតស្វា (Monkeypox) សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ ២១៩ករណីហើយ។ នេះបើទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺឆ្លងសហភាពអឺរ៉ុប (ECDC) នៅថ្ងៃពុធសប្ដាហ៍នេះបានរាយការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ECDC បានគូសបញ្ជាក់ដូច្នេះថា «ប្រទេសជាង ១០ ភាគច្រើន នៅទ្វីបអឺរ៉ុប បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺអុតស្វាដ៏កម្រ ហើយនេះគឺជាលើកទី១ ហើយ ដែលករណីឆ្លងត្រូវបានរកឃើញ ដោយមិនមានទំនាក់ទំនងនឹងការធ្វើដំណើរណាមួយទៅកាន់តំបន់អាហ្វ្រិកខាងលិច ឬអាហ្រ្វិកកណ្តាល ជាកន្លែងដែលជំងឺនេះឆ្លង រីករាលដាល»។ ECDC បានបន្ថែមថា ករណីឆ្លងភាគច្រើន ត្រូវបានរកឃើញលើបុរសវ័យក្មេងដែលជាបុរសដែលមានទំនាក់ទំនងផ្លូវភេទជាមួយបុរសដូចគ្នា។

ជាមួយគ្នានេះ ECDC បានអះអាងកាលពីដើមសប្តាហ៍នេះថា ហានិភ័យនៃការឆ្លងរីករាលដាលនៃជំងឺអុតស្វាគឺ «ទាបណាស់» ប៉ុន្តែបានព្រមានថា អ្នកដែលមានដៃគូរួមភេទច្រើន គឺមានហានិភ័យខ្ពស់ជាង។

សូមជម្រាបថា ជំងឺអុតស្វា គឺជាជំងឺមិនសូវធ្ងន់ធ្ងរទេ បើប្រៀបធៀបទៅនឹងជំងឺអុតធំ ដែលកំពុងឆ្លងរីករាលដាលនៅក្នុងប្រទេសចំនួន១១ នៃតំបន់អាហ្វ្រិកខាងលិច និងអាហ្វ្រិកកណ្ដាល។ វាឆ្លងរីករាលដាល តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយឈាម សាច់ ឬវត្ថុរាវក្នុងរាងកាយរបស់សត្វដែលមានមេរោគ ហើយរោគសញ្ញាដំបូង រួមមានគ្រុនក្តៅខ្លាំង មុនពេលវាវិវត្តទៅជាកន្ទួលរមាស់ភ្លាមៗ៕